អាជ្ញាធរខេត្តមណ្ឌលគិរីជំរុញដល់យុវជន ឲ្យរៀនជំនាញបច្ចេកទេសមួយច្បាស់លាស់ ដើម្បីកាត់បន្ថយភាពអត់ការងារធ្វើពិសេស កាត់បន្ថយភាពក្រីក្រក្នុងសង្គម
ខេត្តមណ្ឌលគិរី៖ ក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ ក្រោមប្រធានបទ TVET ផ្ដល់ជំនាញ និងការងារសមរម្យ ក្រោមអធិបតី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត រួមទាំងមន្រ្តីរាជការ អង្គការដៃគូ និងសិស្សានុសិស្សជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត មានប្រសាសន៍ថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅថា TVET DAY ត្រូវបានរាជរដ្ឋាភិបាល កំណត់យកថ្ងៃទី១៥ ខែមិថុនា រៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជន និងផ្នែកឯកជនឱ្យបានយល់ដឹងអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស។
ជាមួយគ្នានេះ លោក អភិបាលរងខេត្ត បានណែនាំដល់សិស្ស និស្សិតទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រយកជំនាញឱ្យបានចប់ នឹងមានជំនាញពិតប្រាកដទាំងទ្រឹស្តីនិងការអនុវត្តន៍ជាក់ស្តែង នៅរោងជាងមជ្ឈមណ្ឌល ក៏ដូចជានៅការចុះកម្មសិក្សានៅរោងជាងខាងក្រៅ -ខិតខំយកចិត្តទុកដាក់រៀនសូត្រទាំងទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែង នៅរោងជាងមជ្ឈមណ្ឌល ក៏ដូចជានៅ ការចុះកម្មសិក្សានៅរោងជាងខាងក្រៅដើម្បីទទួលបានជំនាញមួយយ៉ាងពិតប្រាកដ – ត្រូវគោរពតាមបទបញ្ជារបស់មជ្ឈមណ្ឌល (ពេលចេញចូល ការស្នាក់នៅ ហូបចុក អនាម័យ ពលកម្ម -ល- មិនត្រូវប្រព្រឹត្តអំពើអបាយមុខផ្សេងៗ (គ្រឿងញ្ញាណ ល្បែងស៊ីសង ស្រា-ល) ត្រូវធ្វើជាយុវជនដែលទំពាំងដ៏ល្អសម្រាប់សង្គមជាតិ។
ក្នុងឱកាសនោះ លោក អភិបាលរងខេត្ត អំពាវនាវដល់មន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋាន ត្រូវជំរុញ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងរកវិធីយ៉ាងណាឱ្យយុវជនក្នុងមូលដ្ឋាន អាចមកទទួលយកសេវាបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលឱ្យបានច្រើន – ជំរុញសិស្សដែលបង់បោះការសិក្សា និងត្រូវបោះបង់ មករៀននៅ TVET – ផ្តល់អាទិភាពទទួលមន្ត្រីកិច្ចសន្យា ឬទទួលសិស្ស និស្សិតចុះកម្មសិក្សា ហាត់ការងារពិសេស ផ្តល់ការងារ តាមរយៈមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត។
លោក កោ គឹមអាន ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានឲ្យដឹងថា មជ្ឈមណ្ឌលបានអនុវត្តគម្រោងបណ្តុះបណ្តាលដល់សិស្សបោះបង់ការសិក្សា ស្ត្រីមេម៉ាយ- ជនជាតិភាគតិច- ក្មេងកំព្រា- ជនពិការ- ទ័ពរំសាយ- ជនទីទ័លក្រ ។ ល ។ លើជំនាញ អគ្គិសនី ព័ត៌មានវិទ្យា ជួសជុលម៉ូតូ សំអាងការ ផ្សារអគ្គិសនី តម្បាញក្រម៉ាជនជាតិ ជំនាញទន់ ការងាររដ្ឋបាល ។ ទាំងវគ្គខ្លី ១សប្តាហ៍ ដល់៤ខែ និងវគ្គវែងពី១ឆ្នាំ ២ឆ្នាំ ដល់៣ឆ្នាំ និង៤ឆ្នាំផងដែរ៕