នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ
ភ្នំពេញ៖ ការលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន ការអភិវឌ្ឍ និងពង្រឹងប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយ ជាបេសកកម្មដ៏ចម្បងរបស់ក្រសួងព័ត៌មាន ដោយក្នុងនោះទីភ្នាក់ងារសារព័ត៌មាន (AKP) វិទ្យុជាតិកម្ពុជា (RNK) ទូរទស្សន៍ជាតិកម្ពុជា (TVK) និងប្រព័ន្ធផ្សព្វផ្សាយឯកជន បាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការផ្តល់ព័ត៌មាន ចំណេះដឹង និងការកម្សាន្តជូនដល់ប្រជាពលរដ្ឋទាំងនៅក្នុងប្រទេស និងលើពិភពលោក។
បើតាមរបាយការណ៍បានបង្ហាញថា នៅឆ្នាំ២០២៣ ក្រសួងព័ត៌មានបានចេញបណ្ណសម្គាល់អ្នកសារព័ត៌មានសរុបចំនួន៣២០១បណ្ណ ក្នុងនោះបណ្ណអន្តរជាតិចំនួន១១៣បណ្ណ ហើយអ្នកសារព័ត៌មានជាស្ត្រីមានចំនួន២៦៩ រូប ស្មើនិង៨,៧% នៃចំនួនអ្នកសារព័ត៌មានសរុប។
របាយការណ៍បានបញ្ជាក់ទៀតថា បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយទាំងប្រពៃណី និងទំនើបដែលបានចុះបញ្ចីការនៅក្រសួងព័ត៌មាន មានចំនួន ២០០០ ក្នុងនោះគេហទំព័រ និងទូរទស្សន៍អនឡាញ(TV Online) មានចំនួន ៩៣៣ អង្គភាព , កាសែត ៤៤៧ អង្គភាព , សមាគមសារព័ត៌មាន ៥២ អង្គភាព , ទស្សនាវដ្ដី ១៩៤ អង្គភាព , ព្រឹត្តិបត្រ ២១ អង្គភាព ,រោងពុម្ព ១១៣ រោងពុម្ព , សៀវភៅ ២២ អង្គភាព , ទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាង ២៧ អង្គភាព , ទីភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម ០២ អង្គភាព , ស្ថានីយវិទ្យុ FM រាជធានីភ្នំពេញ និងខេត្ត ២៨៣ អង្គភាព និងវិទ្យុ FM ភ្នំពេញ ០១ អង្គភាព , ទូរទស្សន៍ផ្សាយផ្ទាល់ ១៩ ស្ថានីយ និងផ្សាយបន្តផ្ទាល់ ១៦៥ ស្ថានីយ , ទូរទស្សន៍ឌីជីថល ១២ ស្ថានីយ និងទូរទស្សន៍អនឡាញ ១០ ស្ថានីយ , ទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ និងនៅតាមខេត្ត ៤៤ ស្ថានីយ និងទូរទស្សន៍អាណាឡូកមានចំនួន ១៤៣ ស្ថានីយ , ប្រព័ន្ធ OTT (Over The Top) ០៨ ស្ថានីយ និងប្រព័ន្ធ Satellite ចំនួន ០២ និងមានអ្នកសារព័ត៌មានសរុបចំនួនប្រមាណ ១០០០០ នាក់(មួយម៉ឺននាក់)៕