សម្តេចតេជោ ហ៊ុន សែន ចូលទីលានវាយកូនគោលឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេលជាច្រើនខែ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានចូលទីលានវាយកូនគោលឡើងវិញ បន្ទាប់ពីសម្តេចបានអាក់ខានលេងកីឡានេះអស់ពេលជាច្រើនខែ ដោយសារមមាញឹកការដឹកនាំប្រយុទ្ធនឹងជំងឺកូវីដ១៩។
ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋអំពីការវាយកូនគោលនៅថ្ងៃនេះ ដែលមិនមែនជាថ្ងៃឈប់សម្រាក ប៉ុន្តែសម្តេចបញ្ជាក់ថា សម្តេចធ្វើការមិនមានថ្ងៃឈប់សម្រាកនោះទេ។
ក្រៅពីនេះសម្តេចតេជោ ក៏មិនភ្លេចជូនពរដល់បងប្អូនជនរួមជាតិ ឲ្យរួចចាកផុតពីជំងឺកូវីដ១៩ និងបន្តអនុវត្តន៍វិធានការ ៣ការពារ ៣កុំ និងចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពអមដោយសារជាមួយអត្ថន័យយ៉ាងដូច្នេះថា «ចូលវាយកូនគោលឡើងវិញ បន្ទាប់ពីខកខានជាច្រើនខែ ដោយសារជាប់ដៃប្រយុទ្ធជាមួយកូវីដ១៩។ ថ្ងៃនេះជាថ្ងៃធ្វើការតែខ្ញុំបែរជាមកវាយកូនគោលទៅវិញ។ សង្ឃឹមថា បងប្អូននឹងមានការយោគយល់ ព្រោះខ្ញុំធ្វើការពុំមានថ្ងៃសម្រាកនោះឡើយ។ ព្រឹកនេះពុំមានភ្លៀងធ្លាក់ ព្រមពេលដែលឯកសារត្រូវបានពិនិត្យ និងចុះហត្ថលេខារួចរាល់ក៏ចេញមកវាយតែម្តង ព្រោះកន្លែងវាយនៅជិតផ្ទះស្រាប់។ ជូនពរបងប្អូនជនរួមជាតិរួចចាកផុតពីជំងឺឆ្លងកូវីដ១៩ តាមរយៈវិធានការ៣កុំ៣ការពារ និងការចាក់វ៉ាក់សាំង»៕