មន្ត្រី ក.ប.ប. និងមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យចុះដកហូតផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់តាមផ្សារ
ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាការក្លែងបន្លំ (ក.ប.ប. ) សាខាខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងមន្ទីរពាណិជ្ជកម្មខេត្តកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២១ កន្លងមកនេះបានចុះដកហូតផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់នៅ ផ្សារសមាគម ស្ថិតក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធាន ក.ប.ប ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ក្នុងការពិនិត្យនោះសមត្ថកិច្ចចម្រុះដកហូតបានផលិតផលល្មើសរួមមាន ៖ សណ្តែកបំពង Tang Sok Hak ចំនួន១០៩កញ្ចប់ ស្មើ៣.០៥២គីឡូក្រាម។ ទឹកក្រូច Coca Cola ចំនួន១៤៥ដប ស្មើ៨៧លីត្រ។ ម្សៅស៊ុប Knor ចំនួន១១០កញ្ចប់ ស្មើ១.៨៧គីឡូក្រាម។ មីម៉ាម៉ាកំប៉ុង ចំនួន៧២កំប៉ុង ស្មើ៤.៣២គីឡូក្រាម។ ស្ករ Milky Vitamin ចំនួន៣កំប៉ុង ស្មើ១.៥គីឡូក្រាម។ ទឹកក្រូចចម្រុះដបធំចំនួន១៤ដប ស្មើ១៧.៥ លីត្រ។ ភេសជ្ជៈ Aqurius ចំនួន៤កំប៉ុង ស្មើ១.៣២លីត្រ។ ភេសជ្ជៈ Spite ចំនួន៤កំប៉ុង ស្មើ១.៣២លីត្រ។ ទឹក ដោះគោ Dutch Milk ចំនួន១ដប ស្មើ០.៤លីត្រ។ ទឹកក្រូច Fanta ដបតូចចំនួន១០ដប ស្មើ៤.៥លីត្រ សរុបចំនួន១២៧.៦៥គីឡូក្រាម។
មន្ត្រី ក.ប.ប. រូបនេះបន្តថា ក្នុងសកម្មភាពនេះដែរ មន្រ្តីស៊ើបអង្កេតបានធ្វើការពិន័យអន្តរការណ៍ដោយសរសេរបង្កាន់ដៃបង់ប្រាក់នៅហ្នឹងកន្លែងទៅឲ្យបុគ្គលល្មើសចំនួន៣នាក់ ស្មើ៣ច្បាប់ផងដែរ។ ចំពោះ ផលិតផលខូចគុណភាព និងហួសកាលបបរិច្ឆេទប្រើប្រាស់តាមផ្សារនោះពេលដែលប្រជាពលរដ្ឋទិញយកទៅបរិភោគធ្វើឲ្យខូចសុខភាព ហើយទំនិញទាំងអស់នេះនឹងត្រៀមយកទៅដុតកម្ទេចចោលនៅថ្ងៃខាងមុខ។
មន្ត្រីរូបនេះបន្ថែមថា មកទល់ពេលនេះមានអាជីវករមួយចំនួនតូចនៅតែបន្តបំពានយកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ពីប្រទេសថៃតាមច្រករបៀងយកមកដាក់តាមផ្សារ។ ក្នុងនោះមានទាំងផលិតផលទំនិញមួយចំនួនគ្មានផ្លាកសញ្ញាបិទ ស្លាកសញ្ញាជាភាសាខ្មែរ គ្មានប្រភពច្បាស់លាស់ ឬប្រភពផលិតក្លែងក្លាយ ដែលជាហេតុបង្កការលំបាកក្នុងការស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាប ហើយអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាយថាហេតុដល់សុខភាពសុវត្ថិភាពរបស់អ្នកប្រើប្រាស់ជាដើម៕