ភ្នំពេញ ៖ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញបើកសិក្ខាសាលាស្តីពី «ការអនុវត្ដវិជ្ជាជីវៈ និងសេរីភាពអ្នកសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»។ អង្គសិក្ខាសាលានេះធ្វើឡើងដើម្បីលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន បង្កើនចំណេះដឹងឆ្លើយតប ទៅនឹងក្របខណ្ឌច្បាប់ លិខិតបទដ្ឋាន តតិយុត្តនានា និងការអនុវត្តការងារប្រកបដោយ វិជ្ជាជីវៈ។សេរីភាពសារព័ត៌មាន គឺជាសិទ្ធិមូលដ្ឋានដែលត្រូវបានធានាក្នុងច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ ហើយសេរីភាពសារព័ត៌មានក៏មានធាតុសំខាន់របស់សិទ្ធិទាំងអស់ផងដែរ។ អ្នកសារព័ត៌មាន គឺជាអ្នកអនុវត្តន៍លើការស៊ីបអង្កេត និងការរាយការណ៍ពីព្រឹត្តិការណ៍នៃហេតុការណាមួយ មានពេលវេលាច្បាស់លាស់ និងជាក់លាក់ទៅអ្នកអាន អ្នកស្តាប់ អ្នកមើល តាមរយៈ ការផ្សាយតាមវិទ្យុ ទូរទស្សន៍ ទស្សនាវដ្ដី សារអេឡិចត្រូនិច ឬអ៉ីនធឺណេត។ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើឱ្យអ្នកសារព័ត៌មាន និងផ្នែករដ្ឋបាលនៅតាមបណ្តាក្រសួង ស្ថាប័ននានាធ្វើការឈ្វេងយល់ពីចំណុចខ្វះខាតរវាងគ្នានឹងគ្នា ដើម្បីចៀសវាងការចោទប្រកាន់មកលើរាជរដ្ឋាភិបាលដោយមិនដឹងហេតុផល។ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានលើកឡើងដូចនេះដោយសារកន្លងមកមានអ្នកសារព័ត៌មាន និងអ្នកធ្វើការផ្នែករដ្ឋបាលនៅតាមក្រសួងស្ថាប័នខ្លះមិនមានការយល់ពីគ្នាដែលធ្វើឱ្យមានការស្តីបន្ទោសគ្នាទៅវិញទៅមក រហូតដល់ចោទប្រកាន់លើរាជរដ្ឋាភិ បាលដែលមិនដឹងមូលហេតុក៏មាន។ក្រៅពីបានស្នើឱ្យមានការឈ្វេងយល់ពីគ្នាទៅវិញទៅមកឱ្យបានច្រើន រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា “អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ និងមានចំណេះដឹងខ្ពស់គឺជាអ្នកដែលអាចជួយដល់ប្រជាជនផង និងក៏ជាស្ពានសម្រាប់ពលរដ្ឋ រាជរដ្ឋាភិបាល។ នេះជាគំនិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប៉ុន្តែដោយសារការមិនយល់គ្នាធ្វើឱ្យមានភាពល្អក់កករ រហូតដល់ធ្វើ ឱ្យមានការចោទរាជរដ្ឋាភិបាលដែលជាការពិតគឺជាការងារឯកជន ឬជាការសម្រេចដោយឡែកពីគ្នា”។ឯកឧត្តមបានថ្លែងថា ក្នុងសិក្ខាសាលាថ្ងៃនេះគឺនឹងធ្វើការជជែកគ្នាអំពីការមិនយល់គ្នារវាងអ្នកសារព័ត៌មាន និងអ្នករដ្ឋបាល ដើម្បីធ្វើការឈ្វេងយល់ពីគ្នាទៅវិញទៅមក។ ឯកឧត្ដមរដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា ការជជែកគ្នានេះក៏មិនមែនសម្រាប់ជះកំហឹង ឬភក់ដាក់គ្នានោះទេ ប៉ុន្តែត្រូវឈ្វេងយល់ថាតើ ចំណុចណាមិនល្អ ហើយគួរឱ្យអ្នកសារព័ត៌មានស្ថិតនៅក្នុងកម្រិតណា និងអ្នករដ្ឋបាលត្រូវសួរអ្នកសារព័ត៌មានថាតើចំណុចណាខ្លះដែលខ្លួនត្រូវធ្វើ។បើតាមឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ចំពោះសិក្ខាសាលានៅថ្ងៃនេះ ក៏មានការរៀបចំជារបាយការណ៍រួមមួយដើម្បីដាក់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីពិនិត្យផងដែរ។ ឯកឧត្តមបានថ្លែងបន្ដថា នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ អាចចាត់ថាទិវាជាប្រវត្តិមួយនៅកម្ពុជា ដែលអ្នកកាសែតកម្ពុជា អាជ្ញាធរតុលាការកម្ពុជា និងអាជ្ញាធរនីតិប្រតិបត្តិកម្ពុជា ជួបជុំដើម្បីពិគ្រោះគ្នា ពីរបៀបទំនាក់ទំនង ការងារជាមួយគ្នា ដើម្បីជាផលប្រយោជន៍នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមបែបកម្ពុជា។សូមជម្រាបថា អង្គសិក្ខាសាលានេះ រៀបចំឡើងរយៈពេល១ថ្ងៃពេញ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន, តំណាងក្រសួងយុត្តិធម៌, ក្រសួងមហាផ្ទៃ, អ្នកជំនាញផ្នែកសារព័ត៌មាន មន្ត្រីគម្រោង យូណេស្កូ ព្រមទាំងបណ្តាអ្នកសារព័ត៌មានជាង២០០នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
កុំភ្លេចចូលរួម! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ()
វីដែអូ
ចំនួនអ្នកទស្សនា