អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តកែប
ខេត្តកែប ៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែបនៅព្រឹកថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១បានទទួលនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាតាមរយៈអ្នកឧញ្ញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
អំណោយដែលបានផ្ដល់ជូន នាឱកាសនោះរួមមាន ៖ អង្ករ១០តោន មី៤០០កេស(តូច) ត្រីខកំប៉ុង៤០០យួរ (៤០កេសធំ) និងថវិកាចំនួន១៥,០០០,០០០រៀលដើម្បីរដ្ឋបាលខេត្តចាត់ចែង និងឧបត្ថម្ភបន្តជូនដល់ប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតតាមមូលដ្ឋាន តាមបណ្ដាកោះ និងកងកម្លាំងឈរប្រចាំការនៅតាមបណ្ដាកោះនានា ក្នុងភូមិសាស្រ្តខេត្តកែប។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តសូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកទាំងពីរ តែងតែយកចិត្តទុកដាក់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕