អភិបាលរងខេត្តស្ទឹងត្រែងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តចូលរួមសម្អាតបរិស្ថានទាំងអស់គ្នា
ខេត្តស្ទឹងត្រែង ៖ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ប្រារព្ធទិវារអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា ក្រោមប្រធានបទ « ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ » នាឱកាសព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ក្រោមអធិបតី ឯកឧត្តម ដួង ពៅ អភិបាលរងនៃគណៈអភិបាលខេត្ត នៅមុខរដ្ឋបាលខេត្តស្ទឹងត្រែង ។
ក្នុងឱកាសនោះ ឯកឧត្តម ដួង ពៅ អភិបាលរងខេត្ត បានធ្វើការអំពាវនាវឲ្បបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាមន្រ្តីរាជការគ្រប់មន្ទីរអង្ភាពទាំងអស់ សូមឲ្យចូលរួមសម្អាតបរិស្ថាននៅក្នុងខេត្តរបស់យើងទាំងអស់គ្នា ដោយចូលរួមធ្វើការវិចខ្ចប់សំរាមទៅក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ នឹងមិនត្រូវចោលសំរាមមពាសវាលពាសកាល ដែលនេះជាចំនុចធ្វើឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាពក្នុងក្រុងរបស់យើង ក៏ដូចជាធ្វើឲ្យមានការថយចុះនូវការវាយតម្លៃពិន្ទុ ក្នុងការប្រកួតប្រជែងទីក្រុងស្អាតជាមួយនិងខេត្តផ្សេងៗ ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឲ្យមន្ត្រីជំនាញ ក៏ដូចជាមន្ត្រីរាជការក្នុងខេត្ត តាមស្ថាប័ននីមួយៗ ជាពិសេសសិស្សានុសិស្សនិងប្រជាពលរដ្ឋ ត្រូវចូលរួមទាំងអស់គ្នាក្នុងការសម្អាតបរិស្ថាន នៅតាមមូលដ្ឋានរបស់ខ្លួន ក៏ដូចជានៅតាមទីសាធារណៈនានាផងដែរ លើសពីនេះ ក៏ត្រូវជួយពន្យល់ណែនាំដល់អ្នកចោលសំរាម គ្មានសណ្តាប់ធ្នាប់ពាសវាលពាសកាលនោះផងដែរ ៕