សាលាដំបូងខេត្តក្រចេះ ចេញដីកាឃុំខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះដែលប្រើហិង្សាលើកុមារី២នាក់
ខេត្តក្រចេះ ៖ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ សាលាដំបូងខេត្តក្រចេះបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទ ទេព ហ៊ុយ ដែលជាមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ បន្ទាប់ពីជននេះបានប្រើអំពើហិង្សាលើកុមារី២នាក់ ដែលជាអ្នកស៊ីឈ្នួលបម្រើនៅផ្ទះរបស់ខ្លួន។
សាលាដំបូងខេត្តក្រចេះបានចេញបទចោទប្រកាន់លើជនត្រូវចោទ ទេព ហ៊ុយ នេះពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ បទគំរាមកំហែងថានឹងសម្លាប់ ប្រព្រឹត្តនៅហាងលក់រថយន្ត ម៉ូតូ និងទូរស័ព្ទដៃទំនើប យីហោ «លាង ហ៊ុយ» នៅចំណុចផ្លូវកណ្ដាល ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ និងនៅចំណុចភូមិរកាកណ្ដាល១ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។
សូមជម្រាបថា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ លោក ទេព ហ៊ុយ ត្រូវបានកម្លាំងអាវុធហត្ថតាមចាប់វាយខ្នោះនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ក្រោយបុគ្គលរូបនេះបានប្រើហិង្សា និងទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើក្មេងស្រីទាំង២នាក់ដែលជាអ្នកស៉ីឈ្នួលបម្រើក្នុងផ្ទះ រហូតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ដោយឡែក បក្ខពួកឈ្មោះ គឹម សុវណ្ណារិទ្ធ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១៕