អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ផ្ញើសារជូនអ្នកគាំទ្រ
ភ្នំពេញ ៖ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានផ្ញើសារថ្លែងអំណរគុណចំពោះអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជាទាំងអស់ បន្ទាប់ពីដឹកនាំក្រុមគោព្រៃបរាជ័យ ចំពោះពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020 នាប្រទេសសិង្ហបុរី។
ក្នុងសារដែលបង្ហោះលើ Facebook ផ្លូវការនោះ ក្រៅពីការថ្លែងអំណរគុណដល់អ្នកគាំទ្រជម្រើសជាតិកម្ពុជា លោកក៏បានបង្ហាញការលួងលោមអ្នកគាំទ្រផងដែរ ចំពោះការបរាជ័យនេះដោយក្នុងសារនោះ លោកនិយាយថា កីឡាកររបស់ជម្រើសជាតិកម្ពុជា កំពុងតែរីកចម្រើនទៅមុខជាលំដាប់។
លោក Keisuke Honda បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអរគុណចំពោះការគាំទ្ររបស់អ្នក។ ពិតណាស់ហើយថា យើងមិនសប្បាយចិត្តចំពោះលទ្ធផល ប៉ុន្តែខ្ញុំពិតជាមានមោទនភាព លើកីឡាកររបស់យើងចំពោះការរីកចម្រើនរបស់គេ ហើយយើងនៅតែបន្តដំណើរទៅមុខទៀតជាមួយគ្នា»។
សូមជម្រាបថា សម្រាប់ពានរង្វាន់ AFF Suzuki Cup 2020 កម្ពុជាយកឈ្នះឡាវតែ ១ប្រកួតប៉ុណ្ណោះ ប៉ុន្តែក្រុមគោព្រៃបានបង្ហាញទម្រង់លេងដ៏អស្ចារ្យ សូម្បីតែសារព័ត៌មានបរទេស ក៏កោតសរសើរ។ ការប្រកួតចុងក្រោយ គឺក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ដោយលទ្ធផល ៤-០ ប៉ុន្តែកម្ពុជានៅតែរក្សាទម្រង់លេងបានល្អ ដោយគ្រប់គ្រងបាល់បាន ៥២%៕