អភិបាលខេត្តមណ្ឌលគិរីទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា
ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២១ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតរងអូស្ត្រាលីប្រចាំនៅកម្ពុជា និងសហការីដោយមានការអញ្ជើញចូលរួម លោក លោកស្រីអភិបាលរងខេត្តចំនួន៤ រូប លោកនាយករដ្ឋបាលសាលាខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន នៅអគាររដ្ឋបាលសាលាខេត្តមណ្ឌលគិរី ។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅក្រៃលែង ចំពោះវត្តមានរបស់ប្រតិភូនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានមកបំពេញទស្សនកិច្ចនៅទឹកដីខេត្តមណ្ឌលគិរីនាពេលនេះ។ ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនប្រតិភូស្ថានទូតអូស្រ្តាលី ពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ ទំនៀមទំលាប់ និងមុខរបរ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបានលើកឡើងពីចំណុចសក្ដានុពលសំខាន់ៗរបស់ខេត្តមណ្ឌលគិរីផងដែរ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ថង សាវុន បានស្នើសុំឯកអគ្គរដ្ឋទូតរងអូស្ត្រាលី ជួយសម្របសម្រួលស្វែងរកទីផ្សារសម្រាប់នាំចេញកសិផល ដំណាំកសិឧស្សាហកម្មមួយចំនួន ទៅកាន់ប្រទេសអូស្ត្រាលី នាពេលខាងមុខ ។ ម្យ៉ាងទៀត ឯកឧត្តមក៏បានស្នើសុំ ប្រទេសអូស្ត្រាលី ជួយផ្ដល់អាហារូបករណ៍សម្រាប់សិស្សនិស្សិត ក៏ដូចជាផ្ដល់កម្មសិក្សាផ្នែកកសិកម្មរបស់ខេត្តមណ្ឌលគិរី នៅក្នុងប្រទេសអូស្ត្រាលី ។
តាមរយៈជំនួបនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលតែងតែផ្ដល់ជំនួយ តាមរយៈគម្រោងនានានិង ការវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសគឺការវិនិយោគវិស័យរ៉ែមាសដ៏ធំរបស់ក្រុមហ៊ុនរ៉ឺណេសង់ នៅខេត្តមណ្ឌលគិរី ។
ឯកឧត្តម ប៉ាប្លូ កាំង ( Pablo Kang ) ឯកអគ្គរដ្ឋទូតរងអូស្ត្រាលីប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្ត និងបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋបាលខេត្តមណ្ឌលគិរី ធ្វើឲ្យមានការអភិវឌ្ឍនិងរីកចម្រើនគ្រប់វិស័យ។ ឯកឧត្តមឯកអគ្គរដ្ឋទូតរង បានបន្តថា ការវិនិយោគរបស់ក្រុមហ៊ុន រ៉ឺណេសង់ គឺជាគម្រោងវិនិយោគធំបំផុតរបស់ក្រុមហ៊ុនអូស្ត្រាលីនៅកម្ពុជា ហើយតាមរយៈក្រុមហ៊ុននេះ ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា នឹងមានក្រុមហ៊ុនធំៗរបស់ប្រទេសអូស្ត្រាលី បន្តមកវិនិយោគនៅប្រទេសកម្ពុជាបន្ថែមទៀត ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា អូស្ត្រាលី ក៏មានគម្រោងជួយទៅលើវិស័យទឹកស្អាតនៅតំបន់អូរច្បារ ព្រមទាំងបន្តកិច្ចសហការ និងផ្ដល់ជំនួយតាមរយៈគម្រោងនានាដល់ខេត្តមណ្ឌលគិរីផងដែរ ៕