ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន អំពាវនាវដល់អ្នកពាក់ព័ន្ធបន្តយកចិត្តទុកដាក់តាមដានសុខភាព និងតម្រូវការចាំបាច់របស់មនុស្សវ័យចាស់ ពិសេសស្ថានភាពកូវីដ-១៩ នារដូវត្រជាក់នេះ
ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យអមដំណើរដោយក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋានស្រុកភ្នំស្រុក បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋពិសេសលោកតា លោកយាយជាមនុស្សដែលមានវ័យចំណាស់នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យចំនួន ៥៦៧នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងពាំនាំនូវការសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយប្រគេននិងជូនចំពោះព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបន្ទាយមានជ័យទាំងអស់។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោហ៊ុន សែន បានគិតគូរពីសុខទុក្ខ អាយុជិវិតប្រជាពលរដ្ឋតាមរយ:ការដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយជាតិស្តីពីមនុស្សចាស់ឆ្នាំ២០១៧-២០៣០ ដ៏មានសារសំខាន់សំដៅជួយកសាងសំណាញ់សុវត្ថិភាពមួយ និងអភិវឌ្ឍន៍នូវប្រព័ន្ធគាំពារសង្គម លើកកម្ពស់គុណភាព ជីវិតរបស់មនុស្សចាស់ ការយកចិត្តទុកដាក់ធានាសុខុមាលភាពដល់មនុស្សចាស់ប្រកបដោយសង្គតិភាពទៅនឹងស្ថានភាព វិវឌ្ឍន៍នៃសង្គមជាតិ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជា ។
ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងការកោតសរសើរដល់អ្នកពាក់ព័ន្ធទាំងអស់ដែលយកចិត្តទុកដាក់ និងសូមបន្តតាមដានសុខភាព និងតម្រូវការចាំបាច់នានារបស់មនុស្សវ័យចាស់ ពិសេសស្ថានភាពកូវីដ-១៩ រដូវត្រជាក់នេះ និងសូមបន្តចិញ្ចឹមថែរក្សា និងអប់រំកូនឱ្យទៅជាពលរដ្ឋល្អមិនទៅពាក់ព័ន្ធនឹងអំពើអបាយមុខផ្សេងៗ ពិសេសបញ្ហាគ្រឿងញៀនដែលបំផ្លាញអនាគតកូនចៅយើង និងការអភិវឌ្ឍសហគមន៍។
ជាមួយគ្នានេះដែរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យបានពាំនាំអំណោយរបស់ក្នុងកម្មវិធីជួបសំណេះសំណាល់ជាមួយមនុស្សវ័យចាស់ស្ថិតនៅស្រុកភ្នំស្រុកដោយប្រជាពលរដ្ឋចូលរួមទាំងអស់ក្នុងម្នាក់ៗទទួលបានអំណោយ ឃីត១កព្ចាប់រួមមានអាវរងា១ ភួយ១ ក្រម៉ា១ ប្រេងកូឡា១ តែ១កព្ចាប ស្កសរ១គីឡូក្រាម អំបិល១កព្ចាប់ ទឹកដោះគោ១កប៉ុង ថវិកា២ម៉ឺនរៀល។
នៅព្រឹកថ្ងៃដដែលនោះដែរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងក្រុមារងារបានបន្តដំណើរចុះទៅវិទ្យាល័យភ្នំស្រុក ដោយបានផ្តល់អំណោយ និងរៀបចំបណ្ណាល័យប្រឆាំងគ្រឿងញៀន ឧបការណ៍សម្រាប់លាងដៃសិស្ស និងចែកអំណោយជាថវិកាដល់លោកគ្រូអ្នកគ្រូ៦៤នាក់ក្នុងម្នាក់ៗ ទទួលបានថវិក២ម៉ឺនរៀលផងដែរ៕