វីរុសកូវីដ-១៩កំពុងតែវ៉ៃលុកយើងហើយសូម្បីតែកុមារអាយុ៦ឆ្នាំក៏វាមិនលើកលែងឱ្យដែរ
លោកស្រី ឱ វណ្ណឌីនអ្នកនាំពាក្យក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២០ ខែមីនាឆ្នាំ ២០២១ បានលើកឡើងថាវីរុសកូវីដ-១៩កំពុងតែវ៉ៃលុកយើងហើយសូម្បីតែកុមារអាយុ៦ឆ្នាំក៏វាមិនលើកលែងឱ្យដែរ។លោកស្រីមានប្រសាសន៍ថាបញ្ហាសំខាន់របស់បុគ្គលគ្រប់រូបដែលជាមនុស្សពេញវ័យនៅពេលនេះតើយើងត្រូវចូលរួមធ្វើអ្វីខ្លះ ដើម្បីកុំឱ្យមានការចម្លងបន្តគ្នាបែបនេះ បើសូម្បីកូនតូចៗ ក៏ឆ្លងដែរហើយនៅពេលនេះ? គ្មានអ្វីដែលល្អប្រសើរជាងការនៅផ្ទះ កុំចេញក្រៅផ្ទះ បើមិនចាំបាច់បើចាំបាច់ត្រូវចេញសុំអនុវត្តន៍វិធានការ៣ការពារនិង៣កុំដែលបានដាក់ចេញដោយសម្តេចតេជោនាយករដ្ឋមន្ត្រីឱ្យអនុវត្តន៍ទាំងអស់គ្នា ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត អ្នកនៅភ្នំពេញសូមកុំចេញទៅខេត្ត អ្នកនៅខេត្តសូមកុំទាន់អាលចូលមកភ្នំពេញអ្នកដែលត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃសូមគោរពអនុវត្តន៍ឱ្យបានត្រឹមត្រូវជាទីបំផុត ផ្អាកឫពន្យាពេលការជួបជុំគ្នាជាចាំបាច់ និងនាំគ្នាធ្វើការពីផ្ទះតាមអនឡាញសាមគ្គីគ្នា ជួយអប់រំគ្នាក្នុងគ្រួសារនិមួយៗ(សុខចិត្តទ្រាំលំបាកនៅពេលនេះសិនជាជាងការលំបាកហួសប្រមាណនៅពេលខាងមុខប្រសិនបើយើងមិនចូលរួម៣ការពារនិង៣កុំទេនោះ)ទើបយើអាចឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះទាំងអស់គ្នាបាន។លោកស្រីថ្លែងថាខ្ញុំសូមផ្ញើជូននូវការជូនពរដល់កុមារាតូចនេះ សូមឱ្យកូនបានជាសះស្បើយបានឆាប់ៗនិងជូនពរដល់បងប្អូនអ្នកដែលឆ្លងរួចហើយទាំងអស់ឱ្យឆ្លងកាត់ដំណាក់វាយលុករបស់សត្រូវអត់ស្រមោលវិលមករកការជាសះស្បើយឆាប់ៗនិងអ្នកដែលមិនទាន់ឆ្លង សុំកុំឱ្យមានការឆ្លងបន្តគ្នាឱ្យសោះ មានសុខភាពល្អ រួមគ្នាវាយបកសត្រូវមើលមិនឃើញនេះ ដោយអាវុធ ៣ការពារនិង៣កុំ ៕