ស្រុកស្ទឹងហាវ នឹងមានរោងចក្រផលិតថាមពលអគ្គិសនីធ្យូងថ្ម កម្លាំង ៧០០មេហ្កាវ៉ាត់
ភ្នំពេញ ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ។
គម្រោងរោងចក្រផលិតថាមពលអគ្គិសនីប្រើដោយធ្យូងថ្ម អានុភាព ៧០០មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទី១ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមានក្រុមហ៊ុនឈ្មោះថា HUADIAN SIHANOUKVILLE POWER GENERATION CO., LTD” និងមានទុនវិនិយោគប្រមាណ១២៨៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២០កន្លែង។
ក្រៅពីការអនុម័តឲ្យក្រុមខាងលើនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ដដែលនេះ CDC ក៏បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៤ផ្សេងទៀតដូចខាងក្រោម ៖
១. ISLAND LABORATOIRE CO., LTD. គម្រោងបង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦០កន្លែង។
២- “FANG HUA POLYURETHANE MATERIAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតអេប៉ុងស៍ ខ្នើយ គ្រែសាឡុងពូក និងគ្រឿងសង្ហារឹម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤២០កន្លែង។
៣- “HERBA (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២០ កន្លែង។
៤- “ Y.T PLASTIC CO., LTD” គម្រោងរោងចក្រផលិតសម្ភារៈអគ្គិសនី អំពូលភ្លើង និងគ្រឿងបង្គុំអំពូលគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ស្វាយរៀង, មានទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៣០កន្លែង៕