អភិបាលក្រុងព្រះសីហនុអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតំបន់ទំនប់រលកអញ្ជើញមកយកសំណាក និងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ
ខេត្តព្រះសីហនុ ៖ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបានចេញសេចក្តីអំពាវនាវតាមបណ្តាញសង្គម Facebook នៅព្រលប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ទំនប់រលក ក្រុមទី ០៦, ០៧, ០៩, ១០, ១១, ១២, ១៣, ១៤, ១៥, ១៦, ១៧, ១៨, ១៩, ២០, ២១, ២២, ២៣, ២៤, ៣២ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ជ្រាបថា គិតត្រឹមព្រឹក ០៤/មេសា/២០២១ នេះ ប្រជាពលរដ្ឋរស់នៅតំបន់ទំនប់រលកចំនួន៦៣នាក់ហើយ ដែលបានតេស្តរកឃើញវិជ្ជមានជំងឺ Covid-19។
នាពេលថ្មីៗនេះ ក្រុមការងារចម្រុះ (រដ្ឋបាលក្រុងព្រះសីហនុ និងសង្កាត់១) បានចុះស្រង់ស្ថិតិបងប្អូនប្រជាពលរដ្ឋដែលរស់នៅទាំង១៩ ក្រុមខាងលើបានចំនួន៤.២៨២នាក់ ដូច្នេះសូមបងប្អូនអញ្ជើញមកសាលាអនុវិទ្យាល័យសាគូរ៉ា ស្ថិតនៅក្រុមទី១៧ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុដើម្បីយកសំណាកតេស្តរកជំងឺCovid-19 ឲ្យបានគ្រប់គ្នាចាប់ពីថ្ងៃអំពាវនាវនេះតទៅ។ រីឯបងប្អូនប្រជាពលរដ្ឋ មិនទាន់កត់ឈ្មោះយកសំណាក សូមអញ្ជើញមកជួបក្រុមការងារប្រចាំការ នៅបរិវេណសាលាអនុវិទ្យាល័យសាគូរ៉ា ស្ថិតនៅក្រុមទី១៧ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ល្ងាច ដើម្បីមានឈ្មោះយកសំណាកធ្វើតេស្តរកជំងឺ Covid-19។
* អត្ថប្រយោជន៍ដែលបងប្អូនប្រជាពលរដ្ឋមកយកសំណាកបានទាន់ពេលវេលា
១/ អ្នកឆ្លងជំងឺ Covid-19 នៅតំណាកកាលដំបូង អាចមានស្ថានភាពមិនធ្ងន់ធ្ងរដូច្នេះងាយស្រួលដល់ក្រុមគ្រូពេទ្យព្យាបាលបានទាន់ពេលវេលា និងគេចផុតពីសេចក្តីស្លាប់។
២/ ទប់ស្កាត់ការឆ្លងរីករាលដាលដល់សមាជិកគ្រួសារ និងអ្នកដទៃ ពិសេសទប់ស្កាត់ការឆ្លងជាសហគមន៍កាន់តែរីករាលដាលធំទៅៗ។
៣/ ចុងក្រោយឈានដល់ការគ្រប់គ្រងបានទាំងស្រុងនៃការឆ្លងរីករាលដាល និងបញ្ចប់ជីវិតជំងឺ Covid-19។
* ហានិភ័យនៃការមិនចូលរួមសហការ និងការមិនមកយកសំណាកឲ្យបានទាន់ពេលវេលា
១/ អ្នកឆ្លងជំងឺ Covid-19 អាចមានស្ថានភាពឈឺធ្ងន់ធ្ងរ ហួសពេលដែលក្រុមគ្រូពេទ្យអាចព្យាបាលសង្គ្រោះជីវិតបាន នឹងប្រឈមសេចក្តីស្លាប់ខ្ពស់។
២/ ការឆ្លងរីករាលដាលដល់សមាជិកគ្រួសារ និងអ្នកដទៃ ពិសេសការឆ្លងជាសហគមកាន់តែរីករាលដាលធំទៅៗ មិនអាចគ្រប់គ្រងបាន។
៣/ ប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ទំនប់រលកទាំង១៩ក្រុមខាងលើ សូមអញ្ជើញមកសាលាអនុវិទ្យាល័យសាគូរ៉ា ដើម្បីឲ្យក្រុមគ្រូពេទ្យយកសំណាកតេស្តរកជំងឺ Covid-19 ទាំងអស់គ្នា និងត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ និងកុំចេញក្រៅផ្ទះ៕