អាជ្ញាធរខេត្តកំពង់ចាម បើកប្រជុំបន្ទាន់ដើម្បីដាក់ចេញនូវវិធានការរដ្ឋបាលបន្ថែមក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំប្រជុំបន្ទាន់ ដើម្បីដាក់ចេញនូវវិធានការរដ្ឋបាលបន្ថែមក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។ ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរ-អង្គភាព និងមន្ត្រីពាក់ព័ន្ធ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានគូសបញ្ជាក់ថា យេីងនៅតែមានភាពជាម្ចាស់ការ គ្រប់គ្រងបានដដែល បេីទោះបីជាស្ថានភាពអ្នកជំងឺកូវីដ-១៩ កំពុងតែមានការកេីនឡេីង ដោយយេីងមានការកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ រវាងអាជ្ញាធរថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ខេត្ត។ យេីងបានរៀបចំអតីតសណ្ឋាគារមេគង្គ ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ដែលមានបំពាក់សម្ភារៈ
បរិក្ខា និងមានគ្រែអ្នកជំងឺចំនួន ៤៧៤គ្រែ។ បន្ថែមពីនេះ យើងក៏បានគិតគូរ និងត្រៀមលក្ខណៈជាស្រេច ក្នុងដំណាក់កាលឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងតែមានសន្ទុះកេីនឡេីងនេះ ដោយរដ្ឋបាលខេត្ត បានរៀបចំកន្លែងពិនិត្យព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ ដែលមានគ្រែចំនួន ៩០០គ្រែបន្ថែមទៀត។ ទន្ទឹមនឹងនោះយេីងក៏បានរៀបចំហើយជាស្រេចចំពោះក្រុមគ្រូពេទ្យសម្រាប់ព្យាបាល និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានគ្រប់ចំនួន ដោយមានទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ចាម និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងមានបំពាក់ សម្ភារបរិក្ខារពេទ្យគ្រប់គ្រាន់ផងដែរ សម្រាប់ចេញអន្តរាគមន៍នៅពេលចាំបាច់។
គួរបញ្ជាក់ថា៖ សម្រាប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានយកសំណាកលើកម្មករ កម្មការិនី ចំនួន៣.២២៩នាក់ ក្នុងនោះលទ្ធផលតេស្ដរហ័ស រកឃេីញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥០នាក់ ហេីយបានបញ្ជូនអ្នកជំងឺទាំងនោះទៅព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម (សរុបអ្នកកំពុងសម្រាកព្យាបាល ចំនួន ៣៩៥នាក់) និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់យកទៅធ្វើចត្តាឡីស័ក ព្រមទាំងបានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទាក់ទងជាមួយនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ផងដែរ៕