ស្នងការនគរបាលខេត្តមណ្ឌលគិរី នាំយកអំណោយផ្តល់ជូនវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៦២១
ខេត្តមណ្ឌលគិរី ៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់អគ្គស្នងការនគរបាលជាតិផ្តល់ជូនដល់កងកម្លាំងនគរបាលការពារព្រំដែនគោក លេខ៦២១ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦២១ ស្ថិតនៅឃុំដាក់ដាំ ស្រុកអូររាំង នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិដែលជានិច្ចជាកាលលោកតែងតែគិតគូរពីសុខទុក្ខរបស់កងកម្លាំងនគរបាលជាតិទូទាំងប្រទេស ពិសេសកងកម្លាំងនគរបាលការពារព្រំដែនដូចជាពេលនេះ។
លោកឧត្តមសេនីយ៍ស្នងការបន្ថែមទៀតថា កងកម្លាំងនគរបាលការពារព្រំដែនដែលនៅតាមបណ្តាប៉ុស្តិ៍ការពារព្រំដែនទាំង៨ ត្រូវខិតខំការពារសន្តិសុខ និងបង្រ្កាបរាល់បទល្មើសនានានៅតាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់នូវរាល់ការឆ្លងដែនដោយខុសច្បាប់ពីប្រជាលរដ្ឋដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ និងបានណែនាំដល់កម្លាំងនគរបាលការពារព្រំដែនត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អប្រសើរដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និង២ចូលរួម និងតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។
អំណោយដែលបានផ្តល់ជូនកងកម្លាំងវរសេនាតូចលេខ៦២១ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា រួមមាន ៖ អង្ករ០១តោន, ទឹកត្រី២០យួរ, ទឹកស៊ីអ៊ីវ១០កេស, ត្រីខ០១កេស, ប្រេងឆា០២កេស, ប៊ីចេង ១២៥កញ្ចប់, កាហ្វេ១០កញ្ចប់ធំ, ទឹកអាកុល១២០លីត្រ, ម៉ាស់០១កេស, របាំងមុខ១៥០, ជេលលាងដៃ១កេស, ប្រេងសាំង២០០លីត្រ, សាប៊ូ១២៥ដុំ។ ដោយឡែកថវិកាចំនួន១,០០០ដុល្លារ (មួយពាន់ដុល្លារអាមេរិក) ផ្តល់ជូនប៉ុស្តិ៍នគរបាលការពារព្រំដែនគោក សម្រាប់ជួសជុលប៉ុស្តិ៍ស្នាក់នៅអូរលែនារដូវវស្សានេះផងដែរ៕