ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក សាយ ម៉េងគីម អភិបាលរងខេត្តបានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យជួរមុខចំនួន១៤នាក់ ក្នុងការពិនិត្យព្យាបាល និងត្រៀមបម្រុងក្នុងករណីមានវិជ្ជមានវិរុសជំងឺកូវីដ-១៩បន្ថែមទៀត ខណៈដែលខេត្តមណ្ឌលគិរីបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន០៣នាក់ ដែលជាករណីនាំចូលពីរាជធានីភ្នំពេញ កាលពីចុងខែមេសា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងអ្នកពាក់ព័ន្ធមួយចំនួន ត្រូវបានធ្វើចត្តាឡីស័ក ពិធីនេះប្រព្រឹត្តទៅនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ នារសៀលថ្ងៃទី០៦ ខែឧសភានេះ។ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ថ្វីត្បិតតែខេត្តមណ្ឌលគិរី បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ០៣នាក់ នៅចុងខែមេសា ដែលពួកគាត់បានធ្វើដំណើរត្រឡប់មកពីរាជធានីភ្នំពេញ បន្ទាប់ពីព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកុសមៈ ហើយក្រោយរកឃើញវិជ្ជមានកូវីដ១៩ អាជ្ញាធរបានសម្រេចបិទខ្ទប់តំបន់មួយផ្នែកនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ដើម្បីតាមដានរកអ្នកពាក់ព័ន្ធបន្ថែមទៀត។ឯកឧត្តម បន្ថែមថា ទោះបីស្ថានការណ៍រហូតមកដល់ពេលនេះ អាចគ្រប់គ្រងបានក៏ដោយ ប៉ុន្តែអាជ្ញាធរខេត្តមណ្ឌលគិរី នៅតែមានការព្រួយបារម្ភចំពោះបញ្ហាជំងឺកូវីដ១៩ ព្រោះថាជំងឺនេះកំពុងរាតត្បាតខ្លាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ហើយរដ្ឋបាលខេត្ត កំពុងខិតខំដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់មិនឲ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩បន្ថែមទៀតនោះទេ។ឯកឧត្ដម បន្តថា ចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋ ឬអ្នកទេសចរមកកាន់ខេត្តមណ្ឌលគិរី គឺបានអនុញ្ញាតជាធម្មតា មិនអាចយកពួកគាត់ទៅធ្វើចត្តាឡីស័កទាំងអស់នោះទេ ប៉ុន្តែមន្ត្រីជំនាញនឹងត្រួតពិនិត្យតាមដានពីប្រវត្តិធ្វើដំណើររបស់ពួកគាត់ ប្រសិនពួកគាត់មកពីតំបន់ដែលមានហានិន័យខ្ពស់ នឹងតម្រូវឲ្យធ្វើចត្តាឡីស័ក។ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានខិតខំទាំងកម្លាំងកាយចិត្ត ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ១៩ និងស្វែងរកអ្នកពាក់ព័ន្ធមួយចំនួនទៀត មកធ្វើចត្តាឡីស័ក ក្នុងការកាត់ផ្តាច់ពីការចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ បន្ថែមលើសនេះ ឯកឧត្តម បានណែនាំដល់ក្រុមគ្រូពេទ្យជួរមុខ ត្រូវមានស្មារតី ឆន្ទៈទទួលខុសត្រូវខ្ពស់ ក្នុងការចុះបំពេញបេសកម្មប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមការណែនាំរបស់មន្ទីរសុខាភិបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលសហគមន៍។ប្រធាមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី លោកវេជ្ជបណ្ឌិត ប៊ុន សួ បានឲ្យដឹងថា គិតមកដល់ពេលនេះខេត្តមណ្ឌលគិរី រកមិនឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩បន្ថែមទេ ប៉ុន្តែក្រុមគ្រូពេទ្យ កំពុងខិតខំតាមដានសុខភាពអ្នកពាក់ព័ន្ធផ្ទាល់ ជាមួយអ្នកជំងឺកូវីដ១៩យ៉ាងយកចិត្តទុកដាក់ ហើយចំពោះលទ្ធផលធ្វើតេស្តវត្ថុសំណាក់ចំនួន ពីរលើក អ្នកពាក់ព័ន្ធផ្ទាល់ទាំងអស់ គឺអវិជ្ជមានវីរុសកូវីដ១៩ ប៉ុន្តែត្រូវធ្វើតេស្តវត្ថុសំណាក់លើកទី៣បន្ថែមទៀត។ លោកវេជ្ជបណ្ឌិត ប៊ុន សួ បញ្ជាក់ថា ចំពោះសុខភាពអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត គឺមានសុខភាពល្អជាធម្មតា ហើយសូម្បីអ្នកជំងឺអាយុ៧៧ឆ្នាំទៅហើយ ក៏គាត់អាចប្រឹងក្រោកឈរដើរដោយខ្លួនឯងបានដែរ។នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភដល់ក្រុមគ្រូពេទ្យជួរមុខ ចំនួន១៤នាក់ ក្នុងម្នាក់ៗ ទទួលថវិកា ១០ម៉ឺនរៀល ដើម្បីជាការលើកទឹកចិត្តផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា