ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានរៀបចំប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី១៣៥នៃទិវាពលកម្មអន្តរជាតិថ្ងៃទី ១ ឧសភាឆ្នាំ ២០២១ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាភូមិភាគ ៨ លោក សាយ ម៉េងគីម អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត លោកអភិបាលស្រុកអូររាំង តំណាងក្រុមហ៊ុនមេហ្គាហ្វឺស ព្រមទាំងមានកម្មករ-និយោជិត ចំនួន ៥០ នាក់ ដែលពិធីនេះធ្វើឡើងនៅក្នុងបរិវេណក្រុមហ៊ុនមេហ្គា ហ្វឺស ផ្លេនថេសិន ស្ថិតនៅក្នុងភូមិភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំងខេត្តមណ្ឌលគិរី ។លោក សាយ ម៉េងគីម អភិបាលរងខេត្ត បានសំដែងនូវក្ដីរីករាយដោយបានជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនកម្មករ-និយោជិតនៅក្នុងក្រុមហ៊ុន ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៥ នៃទិវាពលកម្មអន្តរជាតិ ១ឧសភាឆ្នាំ ២០២១ ក្រោមប្រធានបទ «សន្តិភាព សន្តិសុខ និងការងារ»។លោកអភិបាលរងខេត្តបានវាយតម្លៃខ្ពស់និងកោតសរសើរដល់មន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលខិតខំប្រឹងប្រែងបំពេញការងារ និងជាពិសេសបានរៀបចំពិធីនេះឡើង ទោះឋិតក្នុងបរិបទនៃការរាលដាលជំងឺកូវីដ១៩ ដើម្បីរំលឹកដល់សមិទ្ធផលនានានៃវិស័យការងារដែលបានបង្កើតនូវបទដ្ឋានការងារសមស្របសម្រាប់កម្មករនិយោជិតដែលជាកម្លាំងស្នូលក្នុងការអភិវឌ្ឍប្រទេសជាតិ។ លោកក៏បាន កោតសរសើរដល់ថ្នាក់ដឹកនាំក្រុមហ៊ុនដែលបានជ្រើសរើសយកខេត្តមណ្ឌលគិរីក្នុងការវិនិយោគ និងបានផ្ដល់ការងារជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។លោក សាយ ម៉េងគីម ក៏បានស្នើដល់តំណាងក្រុមហ៊ុន ត្រូវចូលរួមអនុវត្តតាមលិខិតបទដ្ឋាននានារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលក្នុងការពារការឆ្លងជំងឺកូវីដ១៩ ដល់កម្មករនិយោជិត។ ដោយឡែកកម្មករនិយោជិត ក៏ត្រូវខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទីរបស់ខ្លួន ប្រកបដោយភាពស្មោះត្រង់និងការទទួលខុសត្រូវ និងត្រូវចូលរួមថែរក្សាអនាម័យ ជាពិសេសត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩។លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានជម្រាបជូនអង្គពិធីថា តាមការធ្វើជំរឿនសហគ្រាសឆ្នាំ ២០២១ ខេត្តមណ្ឌលគិរី មានសហគ្រាសធុនតូចនិងមធ្យមចំនួន ១៧៣ សហគ្រាស ដែលផ្ដល់ការងារសរុបបានចំនួន ៤៤៩៤ នាក់ ស្រី ១៦៨៨នាក់ និង កម្មករនិយោជិតជនបរទេសសរុប ២៣១ នាក់ស្រី ៣៩ នាក់។ ក្រៅពីនេះមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋទាំងពីរភេទសរុបចំនួន៣៣២នាក់ ស្រី២២២នាក់ លើមុខជំនាញចំនួន២១ ដើម្បីផ្ដល់ឱកាសការងារនិងមុខរបរដល់ប្រជាពលរដ្ឋ ក្នុងគោលបំណងលើកកំពស់ជីវភាពគ្រួសារ នឹងកាត់បន្ថយភាពក្រីក្រ។ក្នុងឱកាសនោះដែរមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បាននាំចេញនូវអំណោយមួយចំនួនចែកជូនដល់កម្មករនិយោជិតក្រុមហ៊ុនចំនួន៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ៖ មី១កេស ម៉ាស់១ប្រអប់ ក្រម៉ា១ អាល់កុល១ដប និងថវិកា១ម៉ឺនរៀល៕
ព័ត៌មានគួរចាប់អារម្មណ៍
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
វីដែអូ
ចំនួនអ្នកទស្សនា