ឯកឧត្តម លី ធុជ នាំយកគ្រឿងឧបភោគបរិភោគចែកជូនដល់គ្រួសារកំពុងជួបការលំបាកនៅក្រុងបាវិត
ខេត្តស្វាយរៀង ៖ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បាននាំយកនូវគ្រឿងឧបភោគបរិភោគ ចែកជូនដល់គ្រួសារកំពុងជួបការលំបាកខ្វះខាតដោយសាររងផល ប៉ះពាល់ជំងឺកូវីដ-១៩ ចំនួន ៣៧៥គ្រួសារ ស្ថិតនៅសង្កាត់ទាំង៥ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង រួមមាន ៖ សង្កាត់ច្រកម្ទេស ៣១ គ្រួសារ, សង្កាត់ព្រៃអង្គុញ ១៣២គ្រួសារ, សង្កាត់បាទី ៥៣គ្រួសារ, សង្កាត់បាវិត ៤៩គ្រួសារ, និងសង្កាត់ប្រាសាទ ១១០គ្រួសារ។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានមានប្រសាសន៍ថា ក្រោមការសម្របសម្រួលរបស់លោក មានអ្នកវិនិយោគិន និងសប្បុរជននានាទាំងក្នុងនិងក្រៅប្រទេស បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែករំលែកទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងទទួលរងគ្រោះដោយសារកូវីដ-១៩។
ឯកឧត្តមបានបន្តទៀតថា ការឧបត្ថម្ភស្បៀងនេះ ពិតជាបានឆ្លើយតបនឹងតម្រូវការចាំបាច់សម្រាប់ដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្វះខាត ក្នុងគ្រាដែលប្រទេសកំពុងជួបបញ្ហាបែបនេះ ហើយក៏ជាការបង្ហាញអំពីទឹកចិត្តដ៏សប្បុរស និងសណ្តានចិត្តចូលរួមសាមគ្គីរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងនៅក្នុង និងក្រៅប្រទេស «ខ្មែរជួយខ្មែរ» ដើម្បីជួយជ្រោមជ្រែងទៅដល់ការឆ្លើយតបទៅនឹងវិធានការការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ផងដែរ។
សូមបញ្ជាក់ផងដែរថា÷ គ្រឿងឧបភោគបរិភោគទាំងនោះរួមមាន÷ អង្ករ, ត្រីខកំប៉ុង, មី, និងទឹកត្រី ដោយមានការចូលរួមឧបត្ថម្ភពីបងប្អូនខ្មែរនៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី តាមរយៈលោក សួន ខាលចាន់ខា, លោកស្រី កែ បូរី និងលោក គាំ រីបូន ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារចុះជួយក្រុងបាវិត, ក្រុមហ៊ុន Khmer Times Media Group, លោក ហូ វុទ្ធី ប្រធាន ក្រុម ការងារ សង្កាត់ ព្រៃ អង្គុញ , លោក សាឡា អេអ៊ីសា និងកញ្ញា Narumon Rinruangsin នៃក្រុមហ៊ុន Modern Imp/Exp Co Ltd៕