អធិការដ្ឋាននគរបាលក្រុងសែនមនោរម្យទទួលអំណោងសប្បុជនដើម្បីផ្គត់ផ្គង់ដល់កម្លាំង ក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺកូវីដ-១៩
ខេត្តមណ្ឌលគិរី ៖ លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី និងលោក សេន ប៉េងសែ ប្រធានគណៈកម្មការផ្សារសែនមនោរម្យបាននាំយកអំណោយរបស់សប្បុរសជននានា ផ្តល់ជូនអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដើម្បីផ្គត់ផ្គង់ដល់កម្លាំង ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍ ពិធីនេះប្រព្រឹត្តិទៅនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។
លោក ណយ ច័ន្ទតារា និងលោក សេន ប៉េងសែ បានឲ្យដឹងថា សម្ភារ និងថវិកា រួមមាន ៖ ម៉ាស់១០ប្រអប់ អាល់កុល១០លីត្រ មី៦កេស ទឹកសុទ្ធវីតាល់៤កេស និងបន្ថែមថវិកា១.០៦០.០០០រៀលផ្តល់ជូនអធិការដ្ឋាននគរបាលក្រុងនាពេលនេះ គឺជាការចូលរួមចំណែកពីអាជីវករ និងបងប្អូនសប្បុរសជននានា ដើម្បីជួយផ្គត់ផ្គង់ដល់កងកម្លាំងដែលឈរជើងនៅណុចបិទខ្ទប់បណ្តោះអាសន្នមួយផ្នែក ក្នុងក្រុងសែនមនោរម្យ ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ លោក ក៏បានលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ដែលបំពេញបេសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សូមឲ្យមានសុខភាពល្អ និងចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល។
លោកវរសេនីយ៍ឯក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្ដាញុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី និងលោក សេន ប៉េងសែ ប្រធានគណៈកម្មការផ្សារសែនមនោរម្យ ដែលបាននាំនូវអំណោយរបស់អាជីវករ និងសប្បុរសជននៅក្នុងក្រុងសែនមនោរម្យ ដែលចូលរួមឧបត្ថម្ភដល់អង្គភាពយើងខ្ញុំដើម្បីផ្គត់ផ្គង់ដល់កងម្លាំងក្នុងកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងការរីករាលដាលកូវីដ១៩ដែលកើតមាននៅក្នុងក្រុងសែនមនោរម្យ និងដើម្បីចូលរួមការពារទីតាំងបិទខ្ទប់។
លោកអធិការក្រុងសែនមនោរម្យក៏បានសូមគោរពជូនពរសូមឲ្យអស់លោក លោកស្រី ដែលជាសប្បុរសជនទាំងអស់ ជួបតែនឹងសេចក្តីសុខគ្រប់ប្រការ និងរកស៊ីទទួលទានមានបានគ្រប់ៗគ្នា៕