រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ កម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាល់ដាលនៃជំងឺកូវីដ-១៩ បាននោះទេ
ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា កម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាល់ដាលនៃជំងឺកូវីដ-១៩ បាននោះទេ ដោយសាររាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល បានធ្វើកិច្ចការងារជាមួយដៃគូអភិវឌ្ឍន៍សំខាន់ៗ។
ឯកឧត្តមថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង ៥ ចំណុះឲ្យក្រសួងព័ត៌មាននាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួង។ ឯកឧត្តមបញ្ជាក់ថា ដៃគូអភិវឌ្ឍន៍សំខាន់ៗដែលកម្ពុជាធ្វើការជាមួយមានដូចជា ៖ អង្គការសុខភាពពិភពលោក ក៏ដូចជាទីភ្នាក់ងារសុខភាព និងចំណីអាហាររបស់សហរដ្ឋអាមេរិក CDC ក្នុងការតាមដានពីការវិវឌ្ឍន៍ និងការឆ្លើយតបរបស់ប្រទេសកម្ពុជាទៅនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយរួមគ្នាដោះស្រាយទប់ស្កាត់ តាមរយៈការដាក់ចេញនូវផែនការសកម្មភាពនានា និងគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំឲ្យប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ ត្រូវផ្សាយនូវរាល់ព័ត៌មានបែបពន្យល់បកស្រាយទៅតាមច្បាប់ និងឯកសារគតិយុត្ត ដែលមានជាធរមានដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋ កាន់តែមានការយល់ដឹងស៊ីជម្រៅ ពាក់ពន្ធ័ការអនុវត្តន៍សេចក្តីសម្រេច និងវិធានការច្បាប់នានា របស់រាជរដ្ឋាភិបាល។
ជាមួយនេះរាល់ការផ្សាយព័ត៌មានត្រូវផ្អែកលើស្ថាប័នជំនាញ និងសមត្ថកិច្ចក៏ដូចជាប្រភពច្បាស់លាស់ ហើយត្រូវដកស្រង់នូវរាល់ចំណុចសំខាន់ៗ របស់អ្នកជំនាញ និងស្ថាប័នមានសមត្ថកិច្ច ពិសេសពាក់ព័ន្ធរឿងជំងឺកូវីដ-១៩ ត្រូវតែយកប្រភព និងព័ត៌មានច្បាស់លាស់ដែលចេញដោយក្រសួងសុខាភិបាល ព្រោះជាព័ត៌មានពិតសម្រាប់ឲ្យប្រជាពលរដ្ឋបានដឹងទាន់ពេលវេលា៕ (ប្រភព ៖ ទទក)