ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីទទួលគ្រឿងឧបភោគបរិភោគពីវត្តព្រះពុទ្ធមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១នេះ លោក សាយ ម៉េងគីម អភិបាលរងខេត្តតំណាងដ៏ខ្ពង់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោក នាង វណ្ណៈ នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត បានអញ្ជើញទទួលនូវគ្រឿងឧបភោគ បរិភោគ នៅវត្តព្រះពុទ្ធមណ្ឌលគិរីតាមរយះ ព្រះញាណរង្សី ឈិន ហន ព្រះរាជាគណៈថ្នាក់ត្រី និងជាព្រះគិរីមណ្ឌលមេធា ព្រះមេគុណគណៈធម្មយុត្តិកនិកាយ ខេត្តមណ្ឌលគិរី ព្រមទាំងមន្រ្តីសង្ឃគណៈធម្មយុត្តិទូទាំងខេត្តមណ្ឌលគិរី បានឧបត្ថម្ភដល់រដ្ឋបាលមណ្ឌលគិរី ក្នុងកំឡុងកូវីដ១៩។
នាឱកាសនោះ លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណដល់ ព្រះញាណរង្សី ឈិន ហន ព្រះរាជាគណៈថ្នាក់ត្រី និងជាព្រះគិរីមណ្ឌលមេធា ព្រះមេគុណគណៈធម្មយុត្តិកនិកាយ ខេត្តមណ្ឌលគិរី ព្រមទាំងមន្រ្តីសង្ឃគណៈធម្មយុត្តិទូទាំងខេត្តមណ្ឌលគិរី ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា តាមរយៈការឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួនទៀត ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩។
លោកអភិបាលរងខេត្តបានបន្តថា អំណោយទាំងនេះ រដ្ឋបាលខេត្តនឹងយកទៅប្រើប្រាស់ ចាត់វិធានការប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅក្នុងខេត្តមណ្ឌលគិរី ដែលកំពុងមានតម្រូវការចាំបាច់ សម្រាប់មន្រ្តីជំនាញ និងសមត្ថកិច្ច ដែលកំពុងឈរជើងនៅតាមតំបន់បិទខ្ទប់មួយចំនួន ក្នុងក្រុងសែនមនោរម្យ បន្ទាប់ពីរកឃើញករណីស្លាប់ ១នាក់ និងមានវិជ្ជមានជំងឺកូវីដ១៩ ជាច្រើននាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ ។ ម្យ៉ាងទៀត ដើម្បីចែកជូនបងប្អូនពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ អ្នកធ្វើចត្តាឡីស័ក និងអ្នកមានវិជ្ចមានជំងឺកូវីដ១៩ ដែលកំពុងសម្រាក់ព្យាបាល។
នាឱកាសនោះដែរ ព្រះញាណរង្សី ឈិន ហន ព្រះរាជាគណៈថ្នាក់ត្រី និងជាព្រះគិរីមណ្ឌលមេធា ព្រះមេគុណគណៈធម្មយុត្តិកនិកាយ ខេត្តមណ្ឌលគិរី បានប្រសិទ្ធិពរជ័យសិរីសួស្ដី ជូនដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចសមាជិក សមាជិកា រាជរដ្ឋាភិបាលកម្ពុជាគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា សូមឱ្យមានសុខភាពល្អ ឈ្នះអស់មារសត្រូវ មានជ័យជំនះគ្រប់ភារកិច្ច និងសមប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឲ្យជៀសផុតពីជំងឺកូវីដ១៩ ទាំងអស់គ្នា៕