រដ្ឋបាលខេត្តរតនគិរីសម្រេចដាក់ចេញវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ.១៩ក្នុងសហគមន៍
ខេត្តរតនគិរី ៖ បន្ទាប់ពីមានការផ្ទុះរីករាលដាល នៃជំងឺកូវីដ.១៩ ក្នុងសហគមន៍ ក្នុងភូមិសាស្ត្រខេត្តរតនគិរី លើកដំបូង កាលពីថ្ងៃទី១៨ ,១៩ កន្លងមក ធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តមានការភ្ញាក់ផ្អើល ព្រួយបារម្ភ និងភិតភ័យយ៉ាងខ្លាំងផងនោះ, អាជ្ញាធរខេត្ត ក៏បានដាក់ចេញអនុវត្ត វិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ ការរីករាលដាលនេះ ដូចតទៅ ៖ បម្រាមចំពោះការធ្វើដំណើរ ពីលំនៅដ្ឋាន ឬទីសំណាក់បច្ចុប្បន្ន ក្នុងភូមិសាស្ត្រខេត្តរតនគិរី រយៈពេល១៤ថ្ងៃ ចន្លោះចាប់ពីម៉ោង ៨យប់ រហូតដល់ម៉ោង ៥ព្រឹក ជាកំហិត ដោយចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។
ចំពោះធ្វើការធ្វើដំណើរនេះត្រូវបានលើកលែងតែចំពោះករណីដូចខាងក្រោម ៖ ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារ ដែលមានលិខិតបញ្ជាក់ ឬមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យរដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។ ការធ្វើចរាចរណ៍រថយន្តសង្គ្រោះ រថយន្តដឹកកងកម្លាំងមានសមត្ថកិច្ច រថយន្តដឹកទំនិញ រថយន្ដដឹកបន្លែ ផ្លែឈើ ប្រេងឥន្ធនៈ រថយន្តដឹកសម្ភារៈផ្គត់ផ្គង់ការដ្ឋានសំណង់ និងរថយន្ត ដឹកជញ្ជូនសំរាមសំណល់រឹង និងការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
ត្រូវបានផ្អាកជាបណ្ដោះអាសន្ននូវការប្រមូលផ្ដុំ ការជួបជុំទទួលទានអាហារ និងភេសជ្ជៈគ្រឿងស្រវឹង នៅតាមតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេហាងភេសជ្ជៈ ភោជនីយដ្ឋាននៅតាមសណ្ឋាគារ និងទី កន្លែងតាមសាធារណៈនានា ក្នុងភូមិសាស្ត្រខេត្តរតនគិរី រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។
សេចក្ដីសម្រេចស្តីពីការដាក់ចេញ និងអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ.១៩ នៅក្នុងភូមិសាស្ត្រខេត្តរតនគិរីនេះ ត្រូវបានរដ្ឋបាលខេត្តរតនគិរី ចេញនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១៕