ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរខេត្តមណ្ឌលគិរីមិនបណ្តោយឱ្យក្រុមឧក្រឹដ្ឋជនបំផ្លាញធនធានធម្មជាតិរួចខ្លួនឡើយ បើទោះរវល់ធ្វើសង្គ្រាមនឹងជំងឺឆ្លងកូវីដ-១៩
Sat,26 June 2021 (Time 07:56 AM)
ដោយ ៖ (ចំនួនអ្នកអាន: 401នាក់)

ខេត្តមណ្ឌលគិរី ៖ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជំងឺឆ្លងកូវីដ១៩ កំពុងវាយលុកខ្លាំងក្នុងប្រទេសកម្ពុជា ក្នុងនោះនៅប៉ុន្មានសប្តាហ៍កន្លងទៅនេះ ខេត្តមណ្ឌលគិរីក៏កំពុងប្រឈមនឹងបញ្ហានេះគួរឱ្យកត់សម្គាល់ផងដែរ។

ក្រោមការដឹកនាំរបស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានប្រឹងប្រែងយ៉ាងមមាញឹក ជាមួយនិងកងទ័ពអាវស រួមទាំងកងកម្លាំងទាំងបីប្រភេទ ចេញមុខទប់ទល់ប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ គ្មានយប់ គ្មានថ្ងៃ ដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តមណ្ឌលគិរីទាំងមូល។ ទោះបីអាជ្ញាធរខេត្តក្រុងស្រុករវល់គ្មានពេលសម្រាកយ៉ាងណាក្តី ប៉ុន្តែសុខសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាក់ និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ថ្នាក់ដឹកនាំខេត្តភាគឦសាន្តមួយនេះក៏នៅតែបំពេញភារកិច្ចបានយ៉ាងល្អប្រសើរថែមទៀតផង។

ជាក់ស្តែងកាលពីថ្ងៃទី២១ មិថុនាឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយផ្ទាល់ពីលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តមណ្ឌលគិរីបានចុះបង្ក្រាបទាន់ពេលវេលា និងជាលទ្ធផលល្អប្រសើរនូវបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៃក្រុមជនឆ្លៀតឱកាស១ក្តាប់តូច នៅចំណុច (អូរហ៊ុច) ភូមិសាស្ត្រភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី (ខ្សែក្រវ៉ាត់ព្រំដែនកម្ពុជាវៀតណាម)។

ក្រោយការចុះបង្ក្រាប និងបានប្រមូលភស្តុតាងជាក់ស្តែងនៅចំណុចកើតហេតុដែលរួមមាន ៖ ត្រាក់ទ័រ២គ្រឿង, ម៉ូតូកែច្នៃ១គ្រឿង, ឈើកាប់ផ្តួល និងអារជ្រៀករួចជិត៣០០ដុំ និងក្រុមមនុស្សដែលសង្ស័យថា ពាក់ព័ន្ធឃុបឃិតអនុញ្ញាតក្នុងការបង្កើតបទល្មើសទ្រង់ទ្រាយធំនេះក៏ត្រូវបានសមត្ថកិច្ចរួមទាំងស្ថាប័ណតុលាការកោះហៅសួរនាំម្នាក់ម្តងៗ ដើម្បីឈានទៅរកការចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ស៊ាវ ងីឈាន់ បានថ្លែងថា មុនឈានដល់ការបង្ក្រាបបាន ដំបូងឡើយមានមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមា បានចុះល្បាតនៅចំណុចអូរហ៊ុច។ អំឡុងពេលល្បាតពួកគេបានប្រទះឃើញស្លាកស្នាមដានត្រាក់ទ័រអូសឈើមួយចំនួន បន្ទាប់មកក្រុមឧទ្យានុរក្សបានទំនាក់ទំនង និងរាយការណ៍ជូនលោកប្រធានដែនជម្រកសត្វព្រៃ។

អ្នកនាំពាក្យដដែលថា ក្រោយទទួលព័ត៌មានប្រធានដែនជម្រក បានស្នើសុំគោលការពីឯកឧត្តមព្រះរាជអាជ្ញា ហើយជាការឆ្លើយតបរហ័ស ឯកឧត្តមព្រះរាជអាជ្ញាបានចាត់តាំង លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងដឹកនាំសម្របសម្រួលជាមួយកម្លាំងចម្រុះចុះបង្ក្រាបតែម្តង។

លោក ស៊ាវ ងីឈាន់ បានបញ្ជាក់ថា អ្នកពាក់ព័ន្ធចំនួនប៉ុន្មាននាក់ នៅពុំទាន់អាចកំណត់បាននៅឡើយ ព្រោះកំពុងស្ថិតក្នុងដំណាក់កាលសាកសួរ។ ក្រោយពីបញ្ចប់ការសាកសួរសមត្ថកិច្ចនឹងបញ្ជូនសំណុំរឿងមកស្ថាប័ណតុលាការ ពេលនោះទើបកំណត់បានថា តើមានអ្នកពាក់ព័ន្ធសរុបប៉ុន្មាននាក់ ហើយស្ថាប័នអយ្យការនឹងបន្តនីតិវិធីតាមផ្លូវច្បាប់។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីបានថ្លែងផងដែរថា ចំពោះករណីបង្ក្រាបនេះ យើងបានបង្ក្រាបមុននេះបីបួនថ្ងៃហើយ ដោយបានរុករកឃើញឈើរាប់រយកំណាត់។ដោយសារតែមានភ្លៀងធ្លាក់ច្រើន គឺយើងបានទុកកម្លាំងឲ្យនៅយាមកាមនៅទីតាំងនោះ ដោយចេញមកវិញដើម្បីពិភាក្សាគ្នា ជាមួយគណៈបញ្ជាការឯកភាពខេត្ត។

លោកបន្តថា ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាគឺបានបង្កើតគណៈកម្មាធិការថ្មីមួយនិងបានបង្ក្រាប១ទៅ២ជំហ៊ានរួចហើយ រួមទាំងប្រមូលភស្តុតាងបានជាច្រើនដើម្បីរក្សាទុកនៅស្នាក់ការបរិស្ថាន។ ក្រោយមកគឺបានបន្តរាយការណ៍ទៅគណៈកម្មាធិការថ្នាក់ជាតិ គណៈកម្មាធិការបានចុះមកជាជំនួយ ដើម្បីដឹកនាំបន្ថែមលើគណៈកម្មាធិការថ្នាក់ខេត្ត បន្តស៊ើបអង្កេតរកជនដែលកាប់ទន្ទ្រានឈើនេះ។

លោកឧត្តមសេនីយ៍ទោបន្ថែមថា ឥឡូវចំពោះចំណាត់ការដ៏សមស្របរបស់លោកអភិបាលខេត្ត ក៏ដូចជាគណៈបញ្ជាការខេត្តទាំងមូលគឺយើងត្រូវនាំគ្នាបង្ក្រាបឲ្យអស់នូវអ្នកធ្វើអំពើអាក្រក់ទាំងឡាយដែលកាប់ទន្ទ្រានព្រៃឈើនេះ។ ចឹងបើប៉ះចំនរណាក៏ដោយយើងត្រូវតែចាប់មកដើម្បីកាត់ទោសឲ្យខានតែបាន។ ឥឡូវនេះ ឃើញថាគណៈកម្មាធិការបានស៊ើបអង្កេត រកឃើញមុខសញ្ញាខ្លះៗហើយនិងបញ្ជួនទៅសួរនាំតាមអង្គភាពនីមួយៗក្នុងនោះខាងនគរបាលមាន៣នាក់,យោធា៤នាក់, វិស្វកម្ម២នាក់ ហើយបុគ្គលខ្លះ បានសារភាពមួយចំនួនហើយ។

ដោយឡែកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីលោក កែវ សុភគ៌ ក៏បានថ្លែងកោតសរសើរដល់មន្ត្រីឧទ្យានុរក្សរួមទាំងលោកនាយកដែនជម្រកសត្វព្រៃកែវសីមាផងដែរក្នុងករណីបង្ក្រាប បទល្មើសធនធានធម្មជាតិនាពេលនេះផងដែរ។ លោកប្រធានមន្ទីរថា ក្រុមឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃទាំងអស់មិនថា តែដែនកែវសីមា បើទោះបីជាមានគ្នីគ្នាតិច តែពួកគេតែងតែចាត់តាំង បែងចែកគ្នា ដោយសហការជាមួយក្រុមនគរបាលរួមនិងកម្លាំងអាវុធហត្ថ ចុះល្បាតជាប្រចាំនិងតែងតែបង្ក្រាបបានបទល្មើសជាច្រើន(កាប់ឆ្ការព្រៃយកជាកម្មសិទ្ធ,ដឹកផលអនុផលព្រៃឈើ,សត្វព្រៃរួមទាំងការដោះអន្ទាក់គ្រប់ប្រភេទថែមទៀតផង។ លោកប្រធានមន្ទីរបញ្ជាក់ថា ករណីនៅអូរហ៊ុចនេះរហូតមកដល់ល្ងាចថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២១ មនុស្ស៤នាក់គឺបានបញ្ជួនចេញពីមន្ទីរបរិស្ថានហើយដើម្បីឲ្យស្ថាប័នតុលាការចាត់វិធានការ។លោកថាម៉ោងនេះដោយល្ងាចពេកតុលាការបានផ្ញើរជនសង្ស័យនៅកងរាជអាវុធហត្ថខេត្តសិន។ចំពោះមនុស្សប៉ុន្មាននាក់ទៀត យើងនិងបន្តនិតិវិធីជាបន្តបន្ទាប់។

ជាការឆ្លើយតបនិងប្រតិបត្តការបង្ក្រាបនេះអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ថា ក្នុងនាមគណៈបញ្ជាការឯកភាពខេត្តគឺតែងតែបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងកាពារព្រំដែន និងតាមភូមិសាស្ត្រពិសេសគឺតំបន់អូរហ៊ុចនេះ ត្រូវតែការពារមិនឲ្យមានមនុស្សឆ្លងកាត់ខុសច្បាប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះជាបទបញ្ជាទី១ ហើយទី២នោះត្រូវពង្រឹងទប់ស្កាត់បទល្មើសផ្សេងៗមិនអាចឲ្យជនណាម្នាក់បង្កឡើងនៅក្នុងភូមិសាស្ត្រនានារបស់ខេត្តមណ្ឌលគិរីឡើយ។ តែទោះបីជាយ៉ាងណា ក្រុមជនឆ្លៀតឱកាសនៅតែអាចលួចប្រព្រឹត្តបាន នៅពេលដែលមមាញឹកប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ពួកគេបានបង្កើតបទល្មើសព្រៃឈើ។

ក្នុងករណីបង្ក្រាបបទល្មើសអូរហ៊ុចលើកនេះ ឯកឧត្តមអភិបាលខេត្តថា ឯកឧត្តមបានទទួលព័ត៌មានវេលាម៉ោង៧យប់ថ្ងៃទី១៩ ហើយឯកឧត្តមបានបញ្ជាឲ្យកម្លាំងសហការគ្នាទៅទាំងយប់ ហើយឧបសគ្គខ្លះ។ប៉ុន្តែពួកគេខិតខំឈ្មុសឈ្មុលទៅដល់គោលដៅនិងរុករកឃើញចាប់បានវត្ថុតាងជាច្រើន។ ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ក៏បានដាក់បទបញ្ជាត្រូវតែវែកមុខរកមេខ្លោង បើទោះបីជាជននោះជាមន្ត្រី ឬរាស្ត្រ ត្រូវតែចាប់មកផ្តន្ទាទោសឲ្យខានតែបាន។

គិតត្រឹមថ្ងៃថ្ងៃទី២៥មិថុនានេះ សមត្ថកិច្ចបានបញ្ជាក់ឈើដែលរឹបអូសបានមានចំនួនឈើមូលចំនួន១៤៧កំណាត់,ឈើជ្រុងចំនួន១០៥ដុំ ចំពោះចំនួនអាចនឹងប្រែប្រួល ព្រោះសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវបន្ថែមទៀត។

នៅព្រឹកថ្ងៃដដែលនេះអ្នកនាំពាក្យនៃអយ្យការសាលាដំបូងខេត្តមណ្ឌលគិរីបានបញ្ជាក់អត្តសញ្ញាណអ្នកពាក់ព័ន្ធរួមមាន ៖ ១-ឈ្មោះអ៊ុក ណាខៃ ភេទប្រុស អាយុ៤២ឆ្នាំ, ២-ឡឹក ញែក ភេទប្រុស អាយុ៤១ឆ្នាំ, ៣-វ៉ាន់ ចាន់ធារី ភេទប្រុស អាយុ៥១ឆ្នាំ, ៤-លាង ភារ័ត្ន ភេទប្រុស អាយុ៤២ឆ្នាំ, ៥-ព្រំ វណ្ណះ ភេទប្រុស, ៦-អ៊ាង ចាន់ឌី ភេទប្រុស, ៧-ផាត់ សុខឡេង ភេទប្រុស និង៨-បក្សពួក អ្នកទាំង៧ជាជនជាតិខ្មែរមានកតព្វកិច្ចកាពារខ្សែរក្រវ៉ាត់ព្រំដែនកម្ពុជាវៀតណាម។

គួររំលឹកថា មានសេចក្តីរាយការណ៍ថាក្រុមជនឆ្លៀតឱកាសជនជាតិខ្មែរ មួយក្តាប់តូច បានបង្កើតបណ្ដាញយ៉ាងស្អេកស្កះជាមួយនឹងឈ្មួញជនជាតិវៀតណាមធ្វើការកាប់បំផ្លាញព្រៃឈើ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា និងដឹកជញ្ជូនឆ្លងកាត់ខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីលក់ទៅឱ្យឈ្មួញឈរជើងនៅឯប្រទេសវៀតណាម យ៉ាងតក់ក្រហល់។

នៅក្នុងសេចក្តីរាយការណ៍បញ្ជាក់ថា កាលពីថ្ងៃទី២១ មិថុនាសមត្ថកិច្ចបានចូលទៅបង្ក្រាបបានទាន់ពេលវេលា នៅចំណុចអូរហ៊ុច ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីដឹកនាំដោយលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងខេត្តមណ្ឌលគិរី។ លទ្ធផលនៃការបង្ក្រាប គឺត្រាក់ទ័រ ០២គ្រឿង,ម៉ូតូកែច្នៃ ០១គ្រឿងរួមទាំងឈើមួយចំនួនធំចំណុចនិយាមការ៧២១៧៦៥ និង១៣៤២១៥៦ និង៧២១៣០៧ និង១៣៤៤៤១៦ ដោយមានចម្ងាយប្រហែលជាង១គីឡូម៉ែតពីប៉ុស្តិ៍កាពារព្រំដែនអូរហ៊ុច៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1397 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
7083 នាក់
ខែនេះ :
32218 នាក់
3 ខែនេះ :
70419 នាក់
សរុប :
772247 នាក់