រដ្ឋបាលខេត្តរតនគិរីបើកយុទ្ធនាការបាញ់ថ្នាំទ្រង់ទ្រាយធំ ខណៈអ្នកវិជ្ជមានកូវីដ.១៩ មានការកើនឡើង
ខេត្តរតនគិរី ៖ រដ្ឋបាលខេត្តរតនគិរី បានសហការជាមួយក្រុមហ៊ុនអង្គរហ្គ្រីន បើកយុទ្ធនាការបាញ់ថ្នាំកំចាត់មេរោគទ្រង់ទ្រាយធំ ខណៈដែលរលកចម្លងជំងឺកូវីដ-១៩ កំពុងរាតត្បាតធ្ងន់ធ្ងរក្នុងភូមិសាស្រ្តខេត្តរតនគិរី ដែលបង្កអោយមានការព្រួយបារម្ភជាខ្លាំងសម្រាប់ពលរដ្ឋក្នុងខេត្តទាំងមូល។
នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ យុទ្ធនាការបាញ់ថ្នាំទ្រង់ទ្រាយធំមួយ បានធ្វើឡើងគ្រាដែលមានការគាំទ្រពីក្រុមហ៊ុនអង្គរហ្គ្រីនអិនវេសមេន។ រដ្ឋបាលខេត្ត បានសហការជាមួយក្រុមហ៊ុន និងអាជ្ញាធរក្រុង ដើម្បីបើកយុទ្ធនាការបាញ់ថ្នាំកំចាត់មេរោគ ខណៈអ្នកវិជ្ជមានកូវីដ១៩ និងអ្នកស្លាប់កើនឡើងគួរឲ្យព្រួយបារម្ភ។
ការបាញថ្នាំកំចាត់មេរោគនេះ ជំហ៊ានដំបូងក្រុមការងារ បានបាញ់ជុំវិញផ្សារ មណ្ឌលព្យាបាល ព្រមទាំងមណ្ឌលចត្តាឡីស័ក វិទ្យាល័យភូមិថ្មី និងមួយផ្នែកខ្លះក្នុងបុរីលឹម ប៊ុណ្ណា ស្ថិតក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង។
បើទោជាយ៉ាងណា ប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរី នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការផ្ទុះជំងឺដ៏កាចសាហាវនេះ ពីព្រោះពួកគាត់នៅពុំទាន់ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅឡើយ។ ដូច្នេះពួកគាត់ ស្នើសុំដល់រាជរដ្ឋាភិបាល អោយជួយពន្លឿនការចាក់វ៉ាក់សាំង ដល់ពួកគាត់ នៅនុងខេត្តរតនគិរីផង៕