អាជ្ញាធរខេត្តឧត្ដរមានជ័យ ចុះពិនិត្យទីតាំងត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ
(ឧត្ដរមានជ័យ)៖ នាថ្ងៃសៅរ៍ទី១០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ខេត្តឧត្ដរមានជ័យ ចុះពិនិត្យទីតាំងត្រៀមចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋ ក្នុងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ដោយមានការអញ្ជើញអមដំណើរដោយ ឯកឧត្ដមអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានចូលរួមផងដែរ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានមានប្រសាសន៍អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមកចាក់វ៉ាក់សាំងកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលបានកំណត់ដោយអាជ្ញាធរ ឃុំ-សង្កាត់របស់ខ្លួន ហើយមិនត្រូវភ្លេចខ្លួន និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវចូលរួមអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារ COVID-19 របស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ ជាពិសេសត្រូវខិតខំប្រកបមុខរបរ និងធ្វើស្រែចំការ ដាំដំណាំរួមផ្សេងៗដើម្បីរួមចំណែកលើកកំពស់ជីវភាពក្នុងគ្រួសារប្រចាំថ្ងៃ កុំយកពេលវេលាទំនេរទៅប្រព្រឹត្តិអំពើខុសច្បាប់។
សូមបញ្ជាក់ថា៖ ទីតាំងសម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ មានចំនួន១៤ ទីតាំង៖
-ស្រុកអន្លង់វែង មានចំនួន៦ ទីតាំង : ១.វត្តជ័យទឹកជុំ (វត្តអន្លង់វែង), ២.វត្តជ័យរុក្ខារាម (វត្តថ្លាត),៣.វត្តទួលទ្រាសមានជ័យ(វត្តទួលទ្រាស), ៤.សាលាបឋមសិក្សាគោកសំព័រ, ៥.សាលាបឋមសិក្សាត្រពាំងប្រិយ៍, ៦.ត្តប្រាសាទមុន្នីសែនជ័យ។
-ស្រុកត្រពាំងប្រាសាទ មានចំនួន៨ ទីតាំង : ១.សាលាបឋមសិក្សាត្រពាំងប្រាសាទ, ២.អនុវិទ្យាល័យអូរក្រូច, ៣.សាលាបឋមសិក្សាដីក្រហម, ៤.សាលាបឋមសិក្សាស្រែល្អ, ៥.សាលាឃុំអូរស្វាយ, ៦.វត្តប្រាសាទសន្តិភាព (វត្តទំនប់ដាច់), ៧.សាលាបឋមសិក្សាពពេល, ៨.សាលាបឋមសិក្សាអភិវឌ្ឍន៍។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ជ្រាប និងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តនៅតាមទីតាំង និងកាលបរិច្ឆេទ ដែលបានកំណត់ខាងលើ ដោយសូមភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ/លិខិត ឆ្លងដែន ឬសំបុត្រកំណើត សេចក្តីចម្លងសំបុត្រកំណើត ឬលិខិតស្នាក់នៅ ឬសៀវភៅគ្រួសារ ឬ បណ្ណការងារមកជាមួយកុំបីខាន៕