អភិបាលខេត្តស្វាយរៀងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ជូនប្រជាពលរដ្ឋ ក្នុងស្រុកស្វាយជ្រំ
ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ប្រគេនព្រះសង្ឃ ជូនប្រជាពលរដ្ឋ និងកម្មករកម្មការិនី ស្រុកស្វាយជ្រំ។
អញ្ជើញចូលរួមក្នុងឱកាសនោះមាន ឯកឧត្តម អ៊ឹម សារ៉ា ប្រធានក្រុមការងារចុះជួយឃុំគ្រួស លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត លោកអភិបាល អភិបាលរងស្រុកស្វាយជ្រំ លោកមេភូមិ មេឃុំ យុវជនស.ស.យ.ក ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ មិនមានហានិភ័យដល់អាយុជីវិតនោះឡើយ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ការចាក់វ៉ាក់សាំងនៅក្នុងខេត្តស្វាយរៀងកន្លងទៅ គឺបានចាក់ជូនដល់មន្ត្រី-រាជការ ហើយបច្ចុប្បន្នកំពុងដំណើការចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ កម្មករ កម្មការិនីចំនួន០៤ ស្រុក-ក្រុង រួមមាន ៖ (១)ក្រុងបាវិត (២)ស្រុកកំពង់រោទិ៍ (៣)ស្រុករំដួល និងក្រុងស្វាយរៀង ទន្ទឹមនេះនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបានរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំង ចំនួន០៤ស្រុក បន្ថែមទៀតរួមមាន៖ ស្រុកស្វាយជ្រំ ស្រុករមាសហែក ស្រុកស្វាយទាប និងចន្ទ្រាស្រុកចន្ទ្រា ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំង ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម។ ចំពោះប្រជាពលរដ្ឋដែលដល់វេនមកទទួលវ៉ាក់សាំង ត្រូវអញ្ជើញមកទទួលវ៉ាក់សាំងដូសទី១ ដោយយកឯកសារមកជាមួយមានដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត ឬឯកសារពាក់ព័ន្ធនានា ។ ម្យ៉ាងទៀតក្រោយទទួលបានវ៉ាក់រួចត្រូវតែបន្តប្រកាន់ភ្ជាប់នូវវិធានការ”៣ការពារ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។
ឯកឧត្តមបន្តថា ការគិតគូរដ៏ឈ្លាសវ៉ៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានផ្តល់វាក់សាំងដើម្បីជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនីព្រះសង្ឃដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅដោយឥតគិតថ្លៃ ហើយនៅថ្ងៃនេះ និងជំហានបន្តបន្តបន្ទាប់ទៀតនៅពេលខាងមុខ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងមូល និងទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ក្នុងទប់ស្កាត់នៃការឆ្លងជំងឺកូវីដ-១៩ ព្រមទាំងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច វិលទៅរកភាពដើមវិញនាពេលខាងមុខ។
សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់នៅក្នុងស្រុកស្វាយជ្រំចាប់ផ្ដើមពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ នៅតាមទីតាំងដែលបានរៀបចំ ចំនួន១៦ទីតាំង រួមមាន ៖ ១)-ឃុំអង្គតាសូ, សាលាបឋមសិក្សារកា ២)-ឃុំបាសាក់ នៅសាលាបឋមសិក្សាស្វាយតាភ្ល, ៣)-ឃុំចំបក់ នៅអនុវិទ្យាល័យចំបក់, ៤)-ឃុំកំពង់ចំឡង នៅសាលាបឋមសិក្សាតាជៃ, ៥)-ឃុំតាសួស នៅសាលាបឋមសិក្សាចំបក់កោង, ៦)- ឃុំឈើទាល នៅមណ្ឌលសុខភាពឈើទាល, ៧)-ឃុំដូនស នៅសាលាបឋមសិក្សាល្ងើន, ៨)-ឃុំគោកព្រីង នៅសាលាបឋមសិក្សាអង្គកប្បាស, ៩)-ឃុំក្រោលគោ នៅវិទ្យាល័យហ៊ុនសែនក្រោលគោ, ១០)-ឃុំគ្រួស នៅសាលាបឋមសិក្សាគ្រោះ, ១១)-ឃុំពោធិរាជ នៅសាលាបឋមសិក្សាវត្តស្វាយ, ១២)-ឃុំស្វាយអង្គ នៅអនុវិទ្យាល័យស្វាយផ្អែម, ១៣)-ឃុំស្វាយជ្រំ នៅសាលាបឋមសិក្សាស្វាយជ្រំ, ១៤)-ឃុំស្វាយធំ នៅវត្តទួលសាមគ្គីឧត្តម, ១៥)- ឃុំស្វាយយា នៅសាលាបឋមសិក្សាឈូកមាស និង១៦)- ឃុំធ្លក នៅសាលាបឋមសិក្សាធ្លក ៕