អាជ្ញាធរខេត្តក្រចេះសម្រេចបិទទីតាំងប្រជុំជន «ផ្សារកាបី» ជាបណ្តោះអាសន្នក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩
ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត នារសៀលថ្ងៃអង្គារ ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចបិទទីតាំងប្រជុំជន «ផ្សារការបី» ស្ថិតនៅភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ចាប់ពីម៉ោង១៨.០០នាទី នៅថ្ងៃ ទី១៣ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ រហូតដល់មានការសម្រេចជាថ្មី ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តក្រចេះចេញបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្រ្តីជំនាញបន្តចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ មកពិនិត្យ សុខភាព និងធ្វើចត្តាឡីស័ក ហើយយកសំណាករកវីរុសកូវីដ-១៩។
ជាថ្មីម្តងទៀត ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះ សូមឲ្យមានការប្រុងប្រយ័ត្ន រក្សាសុខភាពឲ្យបានគ្រប់គ្នាតាមរយៈការលាងដៃនឹងសាប៊ូ អាល់កុល និងជែលឲ្យបានជាប្រចាំ ហើយអនុវត្តន៍វិធីពាក់ម៉ាស់ការពារខ្លួនឲ្យបានគ្រប់ៗគ្នា ពិសេសចូលរួមអនុវត្តន៍ឲ្យបានហ្មត់ចត់បំផុតនូវវិធានរបស់រាជរដ្ឋាភិបាល «៣ការពារ និង៣កុំ» និងវិធានផ្សេងៗទៀតរបស់ក្រសួងសុខាភិបាល ៕