អភិបាលខេត្តដឹកនាំមន្ត្រីជំនាញអញ្ជើញចុះពិនិត្យស្ថានភាពដំណាំស្រូវនៅស្រុកកោះញែក
ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកមេបញ្ជាការកងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធាន មន្ត្រីជំនាញកសិកម្ម អាជ្ញាធរភូមិ ឃុំ ស្រុក នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បានចុះពិនិត្យស្ថានភាពដំណាំស្រូវនៅភូមិណងប៊ួរ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់មន្ត្រីជំនាញកសិកម្ម ត្រូវចូលរួមសហការឲ្យបានជិតស្និទ្ធជាមួយនឹងប្រជាកសិករ ក្នុងការជ្រើសរើសពូជ បច្ចេកទេស និងការថែទាំ ដល់កសិករ សម៧យកទៅអនុវត្តលើការដាំដុះជាក់ស្ដែង ដើម្បីឱ្យកសិផលលូតលាស់បានល្អ ផ្ដល់បានទិន្នផលខ្ពស់ ។ ក្រៅពីនេះ ឯកឧត្តមក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ ត្រូវខិតខំដាំដំណាំហូបផ្លែ បន្លែបង្ការគ្រប់មុខ និងចិញ្ចឹមសត្វឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់ការហូបចុកក្នុងគ្រួសារ និងសម្រាប់លក់ទៅលើទីផ្សារយកកម្រៃបន្ថែមសម្រាប់ជីវភាពគ្រួសារ ។
បើតាមការឲ្យដឹងពីលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទផ្ទៃដីភ្ជួររាស់អនុវត្តបានសរុបចំនួន ១៨ ០៧៤ ហិកតា ការអនុវត្តដាំដុះដំណាំស្រូវសរុប អនុវត្តបានចំនួន ១០ ៨៦៥ ហិកតា ក្នុងនោះ ៖ ស្រូវចំការ អនុវត្តបានចំនួន ១ ១៧៧ ហិកតា ,ស្រូវស្រាលពង្រោះ អនុវត្តបានចំនួន ៣ ៣៨២ ហិកតា, ស្រូវកណ្ដាលសរុប ៥ ២៤២ហិកតា, ស្រូវធ្ងន់ពង្រោះ អនុវត្តបានចំនួន ១ ០៦៤ ហិកតា៕