រដ្ឋបាលខេត្តមណ្ឌលគិរីទទួលគ្រឿងឧបភោគបរិភោគពីសប្បុសជនសម្រាប់ចាត់ចែងប្រើប្រាស់ក្នុងដំណាក់កាលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩
ខេត្តមណ្ឌលគិរី ៖ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ បានទទួលនូវគ្រឿងឧបភោគបរិភោគពីណាហ្គារ៉ា ផាប់ (NAGARA PUB)សម្រាប់ចាត់ចែងតាមការចាំបាច់របស់រដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងអំឡុងពេលវិបត្តិនៃជំងឺកូវីដ១៩។
លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានថ្លែងអំណរគុណចំពោះ ណាហ្គារ៉ា ផាប់ (NAGARA PUB) ដែលបានឧបត្ថម្ភនូវនូវគ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលខេត្តមណ្ឌលគិរីរួមមាន៖ អង្ករចំនួន ២៥០គីឡូក្រាម ទឹកត្រីចំនួន ៥យួរ ទឹកស៊ីអ៊ីវចំនួន ៥យួរ ទឹកសុទ្ធម៉ាកវីតាលចំនួន ២០កេស ត្រីខចំនួន ១កេស មីម៉ាម៉ាចំនួន ១៥កេស និងម៉ាសចំនួន ២.៥០០ម៉ាស សម្រាប់រដ្ឋបាលខេត្តមណ្ឌលគិរី ចាត់ចែង បែងចែកដល់កងកម្លាំងសមត្ថកិច្ច ដែលកំពុងបំពេញបេសកម្មនៅតាមតំបន់បិទខ្ទប់ នៅតាមព្រំដែន នៅតាមព្រំប្រទល់រវាងខេត្តមណ្ឌលគិរីនឹងខេត្តក្រចេះ ព្រមទាំងខេត្តរតនគិរី និងជាពិសេសចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារវិបត្តិនៃជំងឺកូវីដ១៩ ក្នុងនោះ អ្នកធ្វើចត្តាឡីស័ក អ្នកនៅក្នុងតំបន់បិទខ្ទប់ និងអ្នកកំពុងសម្រាក់ព្យាលបាល។
លោកអភិបាលរងខេត្តបានបន្តថា ការចូលរួមឧបត្ថម្ភនាពេលនេះ គឺបង្ហាញពីការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ជាពិសេសជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល និងសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជននានាដែលបានឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តមណ្ឌលគិរី សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច សូមឱ្យចៀសផុតពីជំងឺកូវីដ១៩៕