សមាគមអ្នកគាំទ្រសន្តិភាពសាខាខេត្តព្រះសីហនុបន្តនាំយកអំណោយផ្ដល់ជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាព
ខេត្តព្រះសីហនុ ៖ ដើម្បីជួយសម្រួលក្នុងការលំបាកបានមួយរយៈពេល សកម្មភាពមនុស្សធម៌របស់សមាគមអ្នកគាំទ្រសន្តិភាពសាខាខេត្តព្រះសីហនុបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ រួមទាំងថវិកាមួយចំនួន ផ្ដល់ជូនដល់បងប្រុស ម្នាក់ដែលមានជំងឺប្រចាំកាយដោយមិនអាចដើរបាន នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ពិធីនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដឹកនាំដោយលោក ម៉ាក់ ស៊ីថាត ប្រធានសមាគមអ្នកគាំទ្រសន្តិភាព (ស.អ.ស.២១៩)សាខាខេត្តព្រះសីហនុ និងលោក លឹង សំបូរប្រធានសមាគមសាខាក្រុង រួមជាមួយឯកឧត្តម ឡាយ ចាន់ណារ៉េត សមាជិកគណៈកម្មាធិការកណ្ដាលសមាគម ព្រមទាំងសមាជិក សមាជិកាអ្នកគាំទ្រសន្តិភាព (ស.អ.ស.២១៩) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉ាន់ កាម៉ុល ប្រធានសមាគមអ្នកគាំទ្រសន្តិភាព (ស.អ.ស.២១៩) និងឯកឧត្តម មឿន ប៊ុនហេង អគ្គលេខាធិការសមាគមអ្នកគាំទ្រសន្តិភាព (ស.អ.ស.២១៩)។
បងប្រុសដែលឈ្មោះ វ៉ែន ធឿន អាយុ ៥១ឆ្នាំ ដោយមានជំងឺប្រចាំកាយ ដែលមានទីលំនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយកំពុងតែជួបទុក្ខលំបាកជាខ្លាំង នៅជីវភាពខ្វះខាតស្បៀងអាហារ ហើយសព្វថ្ងៃនេះរូបគាត់មានជំងឺទៀតផងដោយហេតុដូចនេះហើយ សមាគមអ្នកគាំទ្រសន្តិភាព(ស.អ.ស.២១៩) បាននាំយកអំណោយបន្តិចបន្តួច ដើម្បីជួយសម្រួលក្នុងការលំបាកបានមួយរយៈពេលផងដែរ។
លោក ម៉ាក់ ស៊ីថាត ប្រធានសមាគមអ្នកគាំទ្រសន្តិភាព (ស.អ.ស.២១៩)សាខាខេត្តព្រះសីហនុ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ ព្រមទាំងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ ឯកឧត្តម វ៉ាន់ កាម៉ុល និងឯកឧត្តម មឿន ប៊ុនហេង ដែលជានិច្ចកាលតែងតែគិតគូសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ។
លោកប្រធានសមាគមអ្នកគាំទ្រសន្តិភាព ក៏បានអំពាវនាវសុំឱ្យបងប្រុសចូលរួមពីវិធីកាត់បន្ថយហានិភ័យការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ចម្លងក្នុងសហគមន៍លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពី អវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ច និងយកចិត្តទុកដាក់ខ្ពស់ មានអនាម័យជាប្រចាំ ដោយលាងសំអាតដៃ ឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាកុល ជែល ហើយត្រូវពាក់ម៉ាស់ឬក្រមាឱ្យបានជាប់ជានិច្ច និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងអនុវត្តតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មាន ៣កុំ ៣ការពារ ។
សូមបញ្ជាក់ផងដែរថាអំណោយដែលបានផ្តល់ជូនរួមមានអង្ករ ៥០គីឡូក្រាម,មីម៉ាម៉ា ១កេស,ត្រីខ ១យួរ,ទឹកត្រី ១យួរ,ទឹកសីអ៊ីវ ១យួរ,ប្រេងឆា ១ដប,ស្ករស ១គីឡូ,ប៊ីចេង ១គីឡូ,កាហ្វេ ១កញ្ចប់ធំ,ទឹកដោះគោឆៅ ១យួរ,ទឹកសុទ្ធ ១កេស,ម៉ាស់ ១ប្រអប់ និងថវិកាចំនួន ៦០ម៉ឺនរៀល៕