ខេត្តមណ្ឌលគិរី ៖ ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការ WWF បានផ្តល់របាយការណ៍កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយបញ្ជាក់ថាពួកគេបានប្រទះឃើញហ្វូងកូនសត្វក្រពើភ្នំ(Crocodylus siamensis) ដែលជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុត សរុបចំនួន ៨ក្បាល ខណៈពេលដែលពួកគេបានចុះតាមដាន និងស្រាវជ្រាវសត្វនេះ នៅក្នុងដែនជម្រកធម្មជាតិនៃតំបន់ស្រែពកក្នុងអំឡុងពេលនៃរដូវពងនិងញាស់កូនរបស់វា។សកម្មភាពតាមដាន សិក្សានេះ ជាផ្នែកមួយនៃកម្មវិធីស្រាវជ្រាវអំពីសត្វក្រពើភ្នំនៃគម្រោងកាំប៉ាស(CAMPAS) ដឹកនាំដោយក្រសួងបរិស្ថាន និងគាំទ្រផ្នែកហិរញ្ញវត្ថុដោយ GEF-5/UNEP ហើយមានការរួមថវិការបន្ថែមពី អង្គការWWF ប៊ែលហ្ស៊ិក។ស្ថិតក្រោមលក្ខខណ្ឌអាកាសធាតុដ៏លំបាក ហើយផ្គួបជាមួយនឹងភាពអត់ធ្មត់ខ្ពស់ គំហើញនៃសត្វដ៏កម្រមួយប្រភេទនេះត្រូវបានកត់ត្រាទុកនៅទីតាំងស្រាវជ្រាវមួយដែលអ្នកវិទ្យាសាស្រ្តធ្លាប់បានប្រមូលលាមក និងដានជើងរបស់វាកាលពីអំឡុងរដូវប្រាំងនៃឆ្នាំដដែលនេះ។ ហ្វូងកូនសត្វក្រពើភ្នំទាំងនេះ បច្ចុប្បន្នកំពុងរស់នៅដោយសុវត្ថិភាពនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវា ក្រោមការការពារយ៉ាងតឹងរ៉ឹងដោយមន្រ្តីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរី។លោក ប៊ុន សុធា សមាជិកម្នាក់នៃក្រុមអ្នកស្រាវជ្រាវបានរៀបរាប់ថា៖ «ក្នុងរដូវកូនក្រពើញាស់នេះ ក្រុមអ្នកស្រាវជ្រាវយើងបានធ្វើការតាមដានជាប្រចាំ ហើយសម្រាប់ការចុះតាមដានមួយជើងនេះ ពួកយើងបានចំណាយអស់រយៈពេល ៤យប់ ដើម្បីអង្កេតមើលស្ថានភាពរបស់សត្វក្រពើភ្នំនៅតាមទីតាំងផ្សេងៗរបស់វា គឺចាប់តាំងពីម៉ោង ៧:០០យប់ រហូតដល់រំលងអធ្រាត្រ ប្រហែលទល់ ម៉ោង២:០០ព្រឹក»។ លោកបានបន្តទាំងមានស្នាមញញឹមផងថា៖ «ភាពរំភើបត្រេកអរជាខ្លាំងក៏បានមកដល់ ក្រោយពេលដែលសមាជិកក្រុមការងារយើងម្នាក់បានប្រទះឃើញចំណាំងពន្លឺភ្នែករបស់កូនសត្វក្រពើដែលទើបនឹងញាស់»។គំហើញនៃហ្វូងកូនសត្វក្រពើភ្នំនាពេលនេះ គឺជាភស្តុតាងបញ្ជាក់ដោយរូបភាពដំបូងបង្អស់នៃការរស់រានបន្តពូជរបស់សត្វនេះ ក្រោយការខិតខំស្រាវជ្រាវអស់រយៈពេលជាងមួយទសវត្សរ៍នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដែលជាតំបន់ការពារធម្មជាតិមួយនៃតំបន់ព្រៃទេសភាពភាគខាងកើត ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាននិងគាំទ្រដោយអង្គការWWF ។ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ “នេះគឺជាដំណឹងដ៏ល្អមួយដែលយើងត្រូវសាទរនិងជាផ្លែផ្កាមួយនៃកិច្ចសហប្រតិបត្តិអភិរក្សរវាងក្រសួងបរិស្ថាននៃរាជរដ្ឋាភិបាលកម្ពុជា អង្គការWWF និងអង្គការដៃគូ ជាពិសេសសមាជិកទាំងអស់នៃក្រុមការងារស្រាវជ្រាវវិទ្យាសា្រស្រ្តនៃក្រសួងបរិស្ថាន និងអង្គការWWF ដែលបានខិតខំប្រឹងប្រែងសិក្សានិងស្រាវជ្រាវរហូតទទួលបាននូវលទ្ធផលដោយបានកត់ត្រាបញ្ជាក់ជាផ្លូវការលើកដំបូងបង្អស់នៃហ្វូងកំពុងបន្តពូជនៃសត្វក្រពើភ្នំដ៏កម្របំផុតនេះនៅតំបន់ស្រែពក»។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា៖ «គំហើញនៃហ្វូងកូនសត្វក្រពើភ្នំនេះបានបង្ហាញឲ្យឃើញពីសារៈសំខាន់នៃដែនជម្រកសត្វព្រៃស្រែពក ជាតំបន់ជីវៈចម្រុះសកលមួយដែលមានសក្តានុពលខ្ពស់សម្រាប់ការស្តារធនធានជីវៈចម្រុះ និងចំនួនសត្វព្រៃសំខាន់ៗមានតម្លៃជាសកលឡើងវិញ»។ឯកឧត្តមរដ្ឋមន្ត្រីក៏បានមានប្រសាសន៍បន្ថែមទៀតថា៖ «ដំណឹងដ៏រំភើបនេះក៏បានឆ្លុះបញ្ចាំងផងដែរពីសារៈសំខាន់នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ការអភិរក្សសត្វក្រពើភ្នំដ៏កម្រ និងសត្វព្រៃសំខាន់ៗដទៃជាច្រើនប្រភេទទៀត។ ប្រទេសកម្ពុជាគឺជាប្រទេសដែលមានធនធានធម្មជាតិដ៏វិសេសវិសាលគ្មានពីរ ដែលនេះគឺជាមោទនភាពជាតិសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ដោយសារកម្ពុជាមានសន្តិភាពពេញលេញ យើងទាំងអស់គ្នា ទាំងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនៃគ្រប់វិស័យ មានលទ្ធភាពក្នុងការផ្តោតការយកចិត្តទុកដាក់ និងរិះរកគ្រប់មធ្យោបាយ និងដំណោះស្រាយនានាក្នុងកិច្ចគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ សំដៅឈានឆ្ពោះទៅស្តារធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីដែលកម្ពុជាមាន ឲ្យសំបូរ និងប្រសើរឡើងវិញ»។ផ្អែកតាមកញ្ញា Milou Groenenberg ជាប្រធានផ្នែកស្រាវជ្រាវនិងតាមដានជីវៈចម្រុះនៃអង្គការWWF របកគំហើញនាពេលនេះត្រូវបានអ្នកវិទ្យាសាស្រ្តចាត់ទុកថាជាការវិវត្តន៍ដ៏វិជ្ជមានមួយ នៃការសិក្សាស្តីពីសត្វក្រពើភ្នំនៅក្នុងតំបន់នៃដែនជម្រកសត្វព្រៃស្រែពក ដោយហេតុថាវត្តមានរបស់សត្វនេះមិនត្រូវបានគេបញ្ជាក់ជាផ្លូវការទេ បើផ្អែកតាមរបាយការណ៍ស្រាវជ្រាវនានាដែលគេធ្លាប់ទទួលបានកាលពីរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយរីឯការកត់ត្រាវត្តមានរបស់វាតាមរយៈរូបភាពក៏គ្មានដែរក្នុងទសវត្សរ៍ចុងក្រោយនេះ។កញ្ញា Milou បាននិយាយថា៖ «កាលពីមុនអ្នកវិទ្យាសាស្រ្តនៅមិនទាន់អាចបញ្ជាក់ច្បាស់បានទេថាសត្វក្រពើភ្នំដែលរស់នៅក្នុងទីជម្រកស្រែពកនេះអាចមានគូបង្កាត់ពូជបាន ហើយក៏គេកាន់តែមិនអាចបញ្ជាក់បានទៀតថា តើសត្វនេះបានធ្វើសំបុកនៅទីណាមួយក្នុងតំបន់នេះ ហើយមានញាស់កូនដែរឬអត់ នោះឡើយ»។អ្នកវិទ្យាសាស្រ្តរូបនេះបានបន្ថែមថា៖ «គំហើញនៃហ្វូងកូនសត្វក្រពើភ្នំនៅតំបន់ស្រែពកពេលនេះពិតជាផ្តល់នូវក្តីសង្ឃឹមសម្រាប់ការអភិរក្ស និងការពារការរស់រានរបស់សត្វនេះនៅក្នុងទីជម្រកធម្មជាតិរបស់វា ដែលវាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា និងពិភពលោកទាំងមូល»។សត្វក្រពើភ្នំ ធ្លាប់មានរស់នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០មក វត្តមានរបស់សត្វប្រភេទជិតផុតពូជបំផុតមួយនេះ ត្រូវបាត់បង់គួរឲ្យបារម្ភពីដែនជម្រកធម្មជាតិរបស់ពួកវា។ ប្រទេសកម្ពុជា គឺជាទីជម្រកសំខាន់ជាសកលមួយសម្រាប់ការរស់រាននៃសត្វក្រពើភ្នំ ដែលត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនសរុប ចន្លោះពី ២០០ ទៅ ៤០០ក្បាល កំពុងរស់នៅក្នុងទីជម្រកធម្មជាតិនានាក្នុងប្រទេស។ នៅលើពិភពលោក ចំនួនសត្វក្រពើភ្នំដែលស្ថិតក្នុងវ័យអាចបន្តពូជបាន មានប្រមាណមិនលើសពី ១.០០០ (១ពាន់) ក្បាលឡើយ។កត្តាគំរាមកំហែងចំពោះការរស់រានរបស់សត្វក្រពើភ្នំមានដូចជា៖ ការរេចរិលនិងការបាត់បង់ទីជម្រក ការបរបាញ់ខុសច្បាប់ដែលបណ្តាលមកពីតម្រូវការនៃការជួញដូរសត្វព្រៃខុសច្បាប់ ការចាប់ដោយខុសច្បាប់ដើម្បីផ្គត់ផ្គង់កសិដ្ឋានចិញ្ចឹមក្រពើ ការចាប់យកទៅបង្កាត់ពូជជាមួយពូជក្រពើផ្សេង ទំនប់វារីអគ្គិសនី និងការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ជាដើម។ការរស់រានរបស់កូនក្រពើភ្នំដែលទើបត្រូវបានគេស្រាវជ្រាវឃើញពេលនេះ ព្រមទាំងការការពារទីជម្រករបស់ពួកវាដោយសុវត្ថិភាពល្អ ត្រូវបានស្ថិតក្រោមការធានា និងឃ្លាំមើលយ៉ាងតឹងរ៉ឹងដោយមន្ត្រីអនុវត្តច្បាប់ដែលធ្វើការនៅក្នុងតំបន់ការពារ ក៏ដូចជាដោយមានការចូលរួមក្នុងការថែរក្សាតំបន់ការពារធម្មជាតិពីសំណាក់សហគមន៍មូលដ្ឋាននៅជុំវិញតំបន់ការពារ ព្រមទាំងការអនុវត្តនូវកម្មវិធីអភិវឌ្ឍជីវភាពរបស់សហគមន៍ឲ្យបានប្រសើរឡើង ដែលទាំងនេះជាផ្នែកសំខាន់មួយនៃភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់រយៈពេលវែងរបស់ក្រសួងបរិស្ថាន និងអង្គការWWF។លោក សេង ទៀក នាយកអង្គការWWFកម្ពុជា បានមានប្រសាសន៍ថា៖ «ខ្ញុំសូមអបអរសាទរចំពោះក្រុមការងារស្រាវជ្រាវ និងក្រុមការងារអនុវត្តច្បាប់ចំពោះគំហើញដ៏អស្ចារ្យនេះ។ ប្រសិនបើគ្មានការប្តេជ្ញាចិត្ត និងការខិតខំដ៏មោះមុត និងដោយទៀងទាត់នៅក្នុងតំបន់ការពារធម្មជាតិនោះទេ យើងទាំងអស់គ្នាក៏មិនទទួលបាននូវលទ្ធផលដ៏ប្រសើរបែបនេះដែរ»។យើងត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការការពារ និងអភិរក្សបន្ថែមទៀត ដោយផ្តល់អាទិភាពលើការស្វែងរកនូវដំណោះស្រាយសមស្រប និងប្រកបដោយភាពច្នៃប្រឌិតសម្រាប់គាំទ្រដល់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការការពារធនធានសត្វព្រៃ ហើយស្របពេលជាមួយគ្នានោះដែរ បន្តអំពាវនាវឱ្យចាត់នូវវិធានការ និងវិធីសាស្ត្រឲ្យកាន់តែប្រសើរជាងមុនដើម្បីគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងធនធានធម្មជាតិ។លោកបានបន្ថែមថា៖ «គំហើញនាពេលនេះ បានបង្ហាញថាការស្តារចំនួនសត្វព្រៃនៅតំបន់ព្រៃទេសភាពភាគខាងកើតឲ្យប្រសើរឡើងវិញគឺជាលទ្ធភាពដែលគេអាចធ្វើទៅបាន ដោយបង្កើនកិច្ចសហការរួមគ្នា ដើម្បីរៀបចំឡើងឲ្យមាននូវលក្ខខណ្ឌចាំបាច់នានាដូចជា ការការពារទីជម្រក ការធានាការផ្គត់ផ្គង់ចំណីអាហារ និងទឹកតាមបែបធម្មជាតិ ដែលជាសុទ្ធសឹងជាកត្តាផ្តល់អំណោយផលដល់ការរស់រានរបស់សត្វក្រពើភ្នំ និងប្រភេទសត្វដទៃជាច្រើនទៀតដែលកំពុងរស់នៅក្នុងទីជម្រកធម្មជាតិនៃតំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃកម្ពុជានេះ»។ក្រសួងបរិស្ថាន និងអង្គការWWF នឹងបន្តតាមដានស្ថានភាពសត្វក្រពើភ្នំនៅតំបន់ស្រែពកតទៅបន្ថែមទៀត និងពង្រឹងវិធានការការពារទីជម្រករបស់សត្វនេះពីការគំរាមកំហែងផ្សេងៗ មានដូចជាការទន្រ្ទានដីដែលធ្វើឲ្យប៉ះពាល់ដល់ទីជម្រក និងសកម្មភាពល្មើសច្បាប់ផ្សេងៗទៀតដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការចុះល្បាតជាប្រចាំតាមគ្រប់មធ្យោបាយទាំងក្នុងនិងក្រៅតំបន់ការពារធម្មជាតិ។ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «ខ្ញុំសូមអំពាវនាវយ៉ាងទទូចដល់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យចាត់វិធានការរួមគ្នាជាបន្ទាន់បន្ថែមទៀតចាំបាច់សម្រាប់ការការពារសត្វក្រពើភ្នំដើម្បីឲ្យសត្វនេះជៀសផុតពីការផុតពូជ និងដាក់ចេញនូវវិធីសាស្ត្រនានាដើម្បីធានាឲ្យសត្វនេះមានចំនួនកើនឡើងវិញសម្រាប់គាំទ្រការរស់រានរបស់វាតទៅអនាគត។ ក្រសួងបរិស្ថានបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយអង្គការអន្ដរជាតិមិនមែនរដ្ឋាភិបាល សហគមន៍មូលដ្ឋាន និងបណ្តាដៃគូដទៃទៀត ដើម្បីការពារ និងថែរក្សាធនធានព្រៃឈើ និងមរតកធនធានសត្វព្រៃរបស់កម្ពុជា ដើម្បីផ្តល់ជាប្រយោជន៍សង្គម និងសេដ្ឋកិច្ចសម្រាប់រយៈពេលវែងដល់ប្រជាជនជំនាន់នេះ និងជំនាន់តទៅអនាគត»។ក្រោមជំនួយឧបត្ថម្ភថវិកាពីទីភ្នាក់ងារជំនួយអាមេរិក (USAID) សហភាពអឺរ៉ុប (EU) រដ្ឋាភិបាលអាល្លឺម៉ង់ (BMZ) រដ្ឋាភិបាលប៊ែលហ្ស៊ិក (DGD) កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UN Environement) GEF រដ្ឋាភិបាលស៊ុយអ៊ែត (Sida) IKEA Welthungerhilfe (WHH) Humanscale និងបណ្តាញអង្គការ WWF (WWF-អាមេរិក WWF-ប៊ែលហ្ស៊ិក WWF-អាល្លឺម៉ង WWF-ស៊ុយអ៊ែត និង WWF-ស្វីស) ការគ្រប់គ្រងតំបន់ការពារធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច ផ្ដោតទៅលើការស្រាវជ្រាវនិងតាមដានជីវៈចម្រុះ ការកសាងសមត្ថភាពសម្រាប់ការអនុវត្តច្បាប់ ការប្រយុទ្ធប្រឆាំងនឹងការបរបាញ់ខុសច្បាប់ ការជួញដូរសត្វព្រៃខុសច្បាប់ ការកាប់ឈើខុសច្បាប់ ការទប់ស្កាត់ការទន្ទ្រានដីព្រៃខុសច្បាប់ ខណៈយកចិត្តទុកដាក់លើការអភិវឌ្ឍរបរចិញ្ចឹមជីវិតរបស់ សហគមន៍មូលដ្ឋាន និងការអនុវត្តកម្មវិធីផ្សេងៗទៀតដើម្បីលើកទឹកចិត្ត និងកៀរគរការចូលរួមរបស់ប្រជាជនមូលដ្ឋានក្នុងការអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍន៍ជីវភាពប្រកបដោយនិរន្តរភាព៕ (ក្រសួងបរិស្ថាន)
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា