(ពោធិ៍សាត់)៖ ក្រោយពីស្ថានភាពកូវីដ១៩ បានធូរស្បើយបន្តិច ខណៈដែលខកខានមួយរយៈក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩ ពិសេសក្នុងយុទ្ធនាការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៃព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈនោះ, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានបន្តប្រើប្រាស់ និងបំពេញតួនាទី ជាអ្នកបម្រើប្រជាពលរដ្ឋ ដោយខិតខំសម្របសម្រួល និងដោះស្រាយនូវរាល់បញ្ហាទំនាស់ ក៏ដូចជាបញ្ហាប្រឈមនានា ដែលកើតមានក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បានចំនួន១១ករណីផ្សេងគ្នា នៅវេទិកាក្នុងសាលាខេត្ត។បើតាមលោក អ៊ុង ថុនា នាយករងរដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា នេះគឺជាទម្លាប់ ដែលឯកឧត្តមតែងតែជួបជាមួយពុកម៉ែប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកជាមួយសុខទុក្ខដោយផ្ទាល់ តាមរយៈវេទិកាដោះស្រាយ។ ដោយសារតែស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ ឯកឧត្តមបានផ្អាកការធ្វើវេទិកាដោះស្រាយជាលក្ខណៈទ្រង់ទ្រាយធំមួយរយៈ ទើបតែស្ថានភាពនេះធូរស្បើយបន្តិច ឯកឧត្តមបានសម្រេចជ្រើសរើសសំណុំរឿង ដែលចាំបាច់បំផុត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ធ្វើការសម្របសម្រួល និងដោះស្រាយមុនគេ។ ជាក់ស្តែងនាថ្ងៃនេះ គឺមានចំនួន១១ករណី រួមមាន «ករណីបិទផ្លូវមិនឱ្យដើរឆ្លងកាត់, ករណីជួលស្រែធ្វើ ម្ចាស់ដកហូតមិនឱ្យធ្វើវិញ, ករណីទិញលក់ស្រូវមិនឱ្យលុយ, ករណីដណ្តើមទ្រព្យ, ករណីស្នើសុំលក់ដីតែអាជ្ញាធរមិនព្រមបញ្ជាក់, ករណីខ្វះខាត, ករណីស៊ីឈ្មួលមិនបើកប្រាក់ពលកម្ម, ករណីស្នើសុំដីសង់លំនៅដ្ឋាន និងករណីសម្របសម្រួលលែងលះគ្នា» ដែលកិច្ចការទាំងនេះ ត្រូវបានអនុវត្តន៍តាមវិធានការ «៣កុំ ៣ការពារ» របស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល។លោកនាយករងរដ្ឋបាល បានបន្តថា យន្តការដែលឯកឧត្តមកំពុងតែដើរនេះ គឺជាយន្តការរបស់រាជរដ្ឋាភិបាល តាមរយៈវេទិកាសាធារណៈ ដែលបានចង្អុលបង្ហាញឱ្យថ្នាក់ខេត្ត ថ្នាក់មូលដ្ឋាន ផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ទៅលើបញ្ហាប្រឈម និងតម្រូវការក្នុងជីវភាព រស់នៅប្រចាំថ្ងៃ។ ជានិច្ចជាកាលឯកឧត្តមតែងតែប្រើប្រាស់ឋានានុក្រម២ គឺទី១៖ក្នុងនាមជាអភិបាលខេត្ត សម្រាប់សម្របសម្រួលដោះស្រាយបញ្ហា ប្រឈមជូនពុកម៉ែប្រជាពលរដ្ឋទៅលើផ្លូវច្បាប់ និងទី២៖ ក្នុងឋានៈជាគ្រួសារ មានតួនាទីជាបង ជាប្អូន ជាកូន ជាក្មួយ និងជាចៅមួយ ក្នុងគ្រួសារប្រជាពលរដ្ឋ ជាង៥០ម៉ឺននាក់ទូទាំងខេត្ត ដើម្បីចូលរួមសុខរួមទុក្ខជាមួយពួកគាត់គ្រប់ពេលវេលា។ តាមរយៈវេទិកាសម្របសម្រួល និងដោះស្រាយខាងលើនេះ បានធ្វើឱ្យប្រជាពលរដ្ឋមានការទទួលយក និងសាទរយ៉ាងខ្លាំង ដោយឡែកប្រជាពលរដ្ឋខ្លះ ក៏ទទួលបានអង្ករ សារុង ក៏ដូចជាថវិកាបន្តិចបន្តួច សម្រាប់ជាទ្រនាប់ដៃ វិលត្រឡប់ទៅលំនៅដ្ឋានវិញផងដែរ។ក្នុងឱកាសនោះ ឯកឧត្តមបានទទួលបដិសណ្ឋារកិច្ច ស្វាគមន៍គណៈប្រតិភូគណបក្សធម្មាធិបតេយ្យ ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដឹកនាំដោយលោកជំទាវ ពោធិតី សាវត្ថី ប្រធានគណៈប្រតិភូ ក្នុងឱកាសចុះសិក្សារកតម្រុយ ប្រមូលព័ត៌មានពិត អំពីរឿងដីធ្លី នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ព្រមទាំងបន្តទទួលអំណោយពីក្រុមហ៊ុន ធីអិល អិចប្រេស TL Express (សេវាបញ្ញើ ២៥រាជធានី-ខេត្ត) ដែលបានឧបត្ថម្ភអង្ករចំនួន០៣តោន ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
អ្នកសារព័ត៌មាននៃកាសែត Le Monde បានស្វែងយល់ពីការពិតនៃការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជា ()
សម្តេចតេជោ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឡាវ នាសប្តាហ៍ក្រោយ ()
ក្រសួងការបរទេសកម្ពុជា ផ្ញើលិខិតផ្លូវការទៅភាគីវៀតណាមនិងឡាវ បញ្ជាក់ពីការបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ CLV-DTA ()
ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន នៅកម្ពុជា ()
វីដែអូ
ចំនួនអ្នកទស្សនា