សន្និសីទសារព័ត៌មានយុទ្ធនាការអន្ទាក់សូន្យ “បញ្ឈប់ការជួញដូរសត្វព្រៃ”
ខេត្តមណ្ឌលគិរី ៖ ក្រសួងបរិស្ថាន បានសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី អង្គការ WWF នៅព្រឹកថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០២២នេះ បានបើកសន្និសីទសារព័ត៌មានយុទ្ធនាការអន្ទាក់សូន្យ “បញ្ឈប់ការជួញដូរសត្វព្រៃ”នៅខេត្តមណ្ឌលគិរី។ សន្និសិទនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន, ឯកឧត្តម ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី លោក សេង ទៀក ប្រធានអង្គការ WWF លោក រ័ត្ន សុវណ្ណ អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីលោក អ៊ូ សុភក្តី នាយខណ្ឌរដ្ឋបាលព្រៃឈើ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាន៍ថា ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីទីភ្នាក់ងារ សហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលនានា បានបង្កើនយុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃ ជាមួយគ្នាននេះក្រសួងបរិស្ថាន រដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើក្នុងខេត្តមណ្ឌលគិរី អង្គការ WWF កម្ពុជា និងដៃគូរសំខាន់ៗ បានសហការរៀបចំយុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃ ឡើងក្នុងគោលបំណងការពារធនធានសត្វព្រៃកម្ពុជាឲ្យបានគង់វង្ស និងរួមចំណែកដល់កិច្ចគាំពារសុខភាពសាធារណៈ។
ឯកឧត្តម នេត្រ ភក្ត្រា បានឲ្យដឹងនៅពីថ្ងៃទី២២ ខែ តុលា ឆ្នាំ២០២២នេះថា ការខិតខំប្រែក្លាយចំណង់ចំណូលចិត្ត និងអាកប្បកិរិយារបស់ប្រជាជន ចំពោះការបរិភោគសត្វព្រៃអាចកាត់បន្ថយហានិភ័យសុខភាពពីជំងឺ។
ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា៖ «ប្រជាជនកម្ពុជាទាំងអស់ ទាំងក្មេងទាំងចាស់ មានកាតព្វកិច្ចថែរក្សា និងការពារធនធានធម្មជាតិ ដ៏មានតម្លៃរបស់យើង និងការពារខ្លួន ព្រោះសត្វខ្លះអាចឆ្លងមេរោគ ដែលអាចបង្កជាជំងឺដល់មនុស្សនឹងសូមអំពាវនាវឲ្យគ្រប់គ្នាឈប់បរិភោគសាច់សត្វព្រៃ និងផលិតផលសត្វព្រៃផ្សេងទៀត។ យើងជំរុញឲ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជានិយាយថាទេចំពោះសាច់សត្វព្រៃ ចូលរួមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង នឹងការជួញដូរសត្វព្រៃខុសច្បាប់ និងចូលរួមអភិរក្សធនធានធម្មជាតិ របស់កម្ពុជា»។យុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃជា ផ្នែកមួយ នៃយុទ្ធនាការធំគឺ៖ «យុទ្ធនាការអន្ទាក់សូន្យ»។ រួមគ្នា យើងអាចបញ្ចប់សោកនាដកម្មនេះបាន ដោយការបញ្ឈប់ការបរិភោគសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃ ហើយងាកមកចូលរួមអភិរក្សសត្វព្រៃកម្ពុជាវិញ។ សូមនិយាយថាទេចំពោះសាច់សត្វព្រៃ!
ឯកឧត្តមបានបន្តថា ភោជនីយដ្ឋានមួយចំនួន នៅខេត្តមណ្ឌលគិរី បានប្ដេជ្ញាបញ្ឈប់ការទិញសាច់សត្វព្រៃក្នុងភោជនីយដ្ឋានរបស់ខ្លួន ហើយយើងបានផ្តល់លិខិតសរសើរដល់ពួកគេសម្រាប់ការគាំទ្រក្នុងការអភិរក្សសត្វព្រៃ»។នឹងជាទីបញ្ជប់ឯកឧត្តមបានមានប្រសាសន៍ថា យើងសង្ឃឹមថាការបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃជីវ:ចម្រុះនឹងលើកទឹកចិត្តដល់ប្រជាជនកម្ពុជាកាន់តែច្រើនក្នុងការការពារសត្វព្រៃ។ ភាគីពាក់ព័ន្ធទាំងអស់ធ្វើការលើកកម្ពស់ការយល់ដឹងជាសាធារណៈចំពោះការផ្លាស់ប្តូរអាកប្បកិរិយាក្នុងការការពារព្រៃឈើ និងសត្វព្រៃ តាមរយៈការផ្សព្វផ្សាយសារសំខាន់ៗ ដើម្បីកាត់បន្ថយតម្រូវការសត្វព្រៃ ការពារសត្វព្រៃ និងព្រៃឈើ និងនិរន្តរភាពជីវភាពសហគមន៍»។
ការកាត់បន្ថយតម្រូវការសាច់សត្វនឹងជំរុញឲ្យមានការលើកទឹកចិត្តដល់ការកាត់បន្ថយការដាក់អន្ទាក់ និងការបរបាញ់ខុសច្បាប់ ហើយមានគោលបំណងលុបបំបាត់ការដាប់អន្ទាក់ ការជួញដូរ និងតម្រូវការសាច់សត្វព្រៃ និងផលិតផលសត្វព្រៃនៅក្នុងប្រទេសកម្ពុជា ៕