ឆ្នាំ២០២១ កម្ពុជាទទួលចំណូលជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ
ភ្នំពេញ ៖ តាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូបានឲ្យដឹងថា នៅឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ។
របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបឆ្នាំ២០២១ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៦១១,៧៧០,៨១៤ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៦១០,២៥៥,៨០០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន១,៥១៥,០១៤.៨៤ ដុល្លារ។ ចំពោះបរិមាណនៃការនាំចេញគិតត្រឹមឆ្នាំ២០២១ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន៣៦៦,៣០០តោន កើនឡើងចំនួន ២៨,០០០តោន ស្មើនឹង៨% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៤៥៤ម៉ែត្រគូប។
សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែឆ្នាំ២០២១ ថ្លៃ១,៦៦៦ដុល្លារ ក្នុងមួយតោន បានកើនឡើងចំនួន២៨៤ដុល្លារ ក្នុងមួយតោន ស្មើនឹង២១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
គិតត្រឹមឆ្នាំ២០២១ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣%។
សូមជម្រាបថា ឆ្នាំ២០២០ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង ៣៥ម៉ឺនតោន ទទួលបានចំណូលជាង ៤៨២លានដុល្លារ។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕