ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្ត
Thu,10 February 2022 (Time 10:24 AM)
ដោយ ៖ (ចំនួនអ្នកអាន: 375នាក់)

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើន ប្រមាណ ១៧០នាក់ផងដែរ។

ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី ឯកឧត្តម នាយឧត្តមសេនីយ៍ យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានធ្វើសេចក្តីរាយការណ៍បូកសរុបផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ថា ដើម្បីអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យទទួលបានលទ្ធផលកាន់តែត្រចះត្រចង់ថែមទៀត ទោះស្ថិតក្នុងស្ថានភាពចូលរួមជាកម្លាំងយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានខិតខំយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទទួលបានលទ្ធផលការងារជោគជ័យមួយចំនួនផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ដថា ប្រតិបត្តិការត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩ អនក្រ បក. ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ប្រចាំឆ្នាំ២០២១ ទទួលលទ្ធផលដូចជា ៖ ត្រួតពិនិត្យយានយន្តសរុប ចំនួន ២.១១២.៦៧០គ្រឿង ក្នុងនោះ ម៉ូតូចំនួន ៦៤%។ រកឃើញយានយន្តល្មើស និងពិន័យចំនួន ២២៣.៨៧៩គ្រឿង (២២៤.៤២២ករណី) ស្មើ១១% ក្នុងនោះ ម៉ូតូចំនួន ១៦៨.៩៥៦គ្រឿង (១៦៨.៩៥៧ករណី) ស្មើ៧៥% និងរថយន្ត ចំនួន ៥៤.៩២៣គ្រឿង (៥៥.៤៦៥ករណី) រថយន្តចំនួន២៥% ហើយការពិន័យចំពោះបទល្មើសចរាចរណ៍ឆ្នាំ២០២១ បានចំនួន ១៩.៩១១.៨៩៥.០០០រៀល។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ បានកើតឡើង ចំនួន ២.៦៧០លើក បណ្តាលឱ្យស្លាប់ ចំនួន ១.៤៩៧នាក់ និងរបួស ចំនួន ៣.៦១៥នាក់ របួសធ្ងន់ ២.២៤៦នាក់។ អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ចំនួន ២៤៥នាក់, ខេត្តកណ្តាល ចំនួន ១៤១នាក់ និងខេត្តកំពង់ចាម ចំនួន ៩៦នាក់។ ឯកឧត្តម នាយឧត្តមសេនីយ៍ បន្តទៀតថា មូលហេតុបណ្តាលឱ្យមានគ្រោះថា្នក់ គឺបើកបរលើសល្បឿនកំណត់៣៨%, មិនគោរពសិទ្ធិ២៤%, មិនប្រកាន់ស្តាំ១៤%, វ៉ាជែង៨%, បត់៨%, ស្រវឹង៤%, កត្តាយានយន្ត៣% និងងងុយ១%។

ជាមួយគ្នានេះដែរ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក៏បានធ្វើសេចក្តីរាយការណ៍បទអន្ដរាគមន៍ពិស្តារ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ នៅទូទាំងរាជធានីភ្នំពេញ និងខេត្តកណ្តាល ជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ និងអង្គពិធីជ្រាបផងដែរ។

នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ស.ច.គ បានឯកភាពលើរបាយការណ៍ដែលបានធ្វើសេចក្តីរាយការណ៍ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ ព្រមទាំងអបអរសាទរចំពោះការខិតខំប្រឹងប្រែងកន្លងមក នូវបទអន្តរាគមន៍របស់ អភិបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល។

ចំពោះការងារទិសដៅសម្រាប់ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្ដ្រី បានលើកឡើងថា ជាទិសដៅនឹងបន្ដយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅតាមរាជធានី-ខេត្ត ទាំង២៥ ចែកស្ទីកឃ័រចំណាំងផ្លាត និងមួកសុវត្ថិភាពដល់អ្នកបើកបរទោចចក្រយានយន្ដ។ ជាពិសេស បន្ដរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នៅគោលដៅដើមទីក្នុងកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងបន្ដការងារត្រួតពិនិត្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេសនៅតាមរាជធានី-ខេត្ត។

ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ មានប្រសាសន៍ថា ស្ថិតក្នុងបរិបទ នៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែបន្តកើតមាន ហើយបានបន្សល់ទុកនូវសោកនាដកម្មជាច្រើនដល់ប្រជាពលរដ្ឋ ដូចជា ការបាត់បង់ជីវិត ការរងរបួស ពិការភាព និងការខាតបង់ទ្រព្យសម្បត្តិ ដែលបង្កដោយអ្នកប្រើប្រាស់ផ្លូវមួយចំនួនដែលមិនគោរពប្រតិបត្តិច្បាប់ និងខ្វះសីលធម៌យោគយល់អាធ្យាស្រ័យ ហាក់បីដូចជា មិនស្រឡាញ់ជីវិតខ្លួនឯង ឬជីវិត អ្នកដទៃ។

សម្ដេចក្រឡាហោម មានប្រសាសន៍បន្ដថា ទោះជាយ៉ាងនេះក្តី ដោយសារកិច្ចខិតខំប្រឹងប្រែងចាត់វិធានការរឹតបន្តឹងច្បាប់ និងការផ្សព្វផ្សាយអប់រំច្បាប់យ៉ាងសកម្ម របស់យន្តការ និងសមត្ថកិច្ចគ្រប់ថ្នាក់ចំណុះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើឱ្យស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ មានការថយចុះគួរជាទីមោទកៈ។ លើសពីនេះទៀត សម្តេចក្រឡាហោម បានមានប្រសាសន៍បន្តថា តាមការកត់សម្គាល់យើងពិនិត្យឃើញថាឆ្នាំ២០២១ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពិតជាមានការថយចុះ ប៉ុន្តែគោលដៅមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តព្រះសីហនុ នៅតែមានតួលេខគ្រោះថ្នាក់ខ្ពស់។ សម្ដេចក្រឡាហោម មានប្រសាសន៍បន្ថែម ថា គ្រោះថ្នាក់ចរាចរណ៍មានកំណើនខ្ពស់នេះ គឺនៅថ្ងៃបុណ្យ និងថ្ងៃឈប់សម្រាក។

ឆ្លៀតឱកាសដ៏មានសារសំខាន់នេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ បានសម្ដែងនូវការកោតសរសើរដល់កងកម្លាំងនគរបាល ចរាចរណ៍ផ្លូវគោក មន្ត្រីសាធារណការ និងដឹកជញ្ជូន កងរាជអាវុធហត្ថ មន្ត្រីតុលាការ មន្ត្រីនៃក្រសួងព័ត៌មាន មន្ត្រីនៃស្ថាប័នពាក់ព័ន្ធនានា អ្នកសារព័ត៌មាន វិស័យឯកជន និងប្រជាពលរដ្ឋដ៏ច្រើនលើសលប់ ដែលបានខិតខំយ៉ាងសកម្ម ក្នុងការបំពេញកិច្ចការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចូលរួមគោរពប្រតិបត្តិច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលធ្វើឱ្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២១ ទទួលបានលទ្ធផលជាផ្លែផ្កា សម្រេចបានតាមគោលនយោបាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់រាជរដ្ឋាភិបាល និងផែនការសកម្មភាពរបស់ គ.ស.ច.គ។

សម្រាប់ទិសដៅការងារឆ្នាំ២០២២របស់ គ.ស.ច.គ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ បានផ្ដល់អនុសាសន៍ថា អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍រាជធានី- ខេត្ត ត្រូវបន្តជំរុញអនុវត្តកិច្ចការសំខាន់ៗ ដូចជា ៖ បន្តធ្វើការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ដូច្នេះ ត្រូវមានវិធានការច្បាស់លាស់ ដោយផ្តោតលើមូលហេតុ មុខសញ្ញា គោលដៅ និងពេលវេលា ដែលបានកើតឡើងនូវគ្រោះថ្នាក់ ឬអំពើល្មើសច្បាប់។

សម្ដេចក្រឡាហោម បន្ដថា ពិសេសត្រូវជំរុញការបំពាក់បរិក្ខារសុវត្ថិភាពលើផ្លូវថ្នល់រួមមាន ភ្លើងស្តុប ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍នៅតាមផ្លូវថ្នល់ ដែលរដ្ឋបាលរាជធានី-ខេត្ត ទទួលខុសត្រូវ។ ដោយឡែក នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ត្រូវបន្តសហការបំពាក់កាមេរ៉ាតាមដងផ្លូវតាមគម្រោងរបស់រាជរដ្ឋាភិបាល និងត្រូវចាត់តាំងគ្រប់គ្រង ប្រើប្រាស់ និងថែទាំឱ្យស្របតាមនិយាមបច្ចេកទេស។

សូមជម្រាបជូនថា នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គ.ស.ច.គ សម្ដេចក្រឡាហោម ស ខេង ក៏បានអញ្ជើញធ្វើទស្សនកិច្ចពិនិត្យទីតាំងមណ្ឌលផ្ដល់សេវាធារណៈ មជ្ឈមណ្ឌលទិន្នន័យ និងវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ផងដែរ។ លើសពីនេះទៀត ក្រោយបញ្ចប់ នៃកម្មវិធី សម្ដេចក្រឡាហោម ស ខេង ក៏បានប្រគល់ជូននូវឧបករណ៍ដកពិន្ទុបណ្ណបើករ (POS) ចំពោះអំពើល្មើសច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ស.ច.គ ដើម្បីអនុវត្តក្នុងទិសដៅបន្តបន្ទាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
425 នាក់
ម្សិលមិញ :
709 នាក់
សប្តាហ៍នេះ :
7205 នាក់
ខែនេះ :
33313 នាក់
3 ខែនេះ :
68716 នាក់
សរុប :
760901 នាក់