ក្រសួងបរិស្ថានកំពុងសិក្សាពីឱកាសដើម្បីរៀបចំជាតំបន់អេកូទេសចរណ៍នៅតំបន់ការពារធម្មជាតិក្នុងខេត្តចំនួន៣
ភ្នំពេញ ៖ ក្រសួងបរិស្ថាន ក្រោមក្របខណ្ឌគម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជាកំពុងធ្វើការសិក្សា និងរៀបចំចក្ខុវិស័យគោលដៅទេសចរណ៍ និងផែនការវិនិយោគទេសចរណ៍សម្រាប់តំបន់ទេសភាពជួរភ្នំក្រវាញកម្ពុជា ដោយផ្តោតលើកលានុវត្តភាពនៃការរៀបចំជាតំបន់អេកូទេសចរណ៍នៅក្នុងតំបន់ការពារ សម្រាប់ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដែលក្នុងនោះរួមមាន៖ ១/ តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្មំគូលែន», ២/ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងឧទ្យានជាតិភ្នំក្រវាញកណ្តាល និង៣/ តំបន់ដែនជម្រកសត្វព្រៃតាតៃ និងពាមក្រសោប។
គម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា របស់ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំចក្ខុវិស័យគោលដៅទេសចរណ៍ និងផែនការវិនិយោគទេសចរណ៍សម្រាប់គោលដៅអេកូទេសចរណ៍នៅតំបន់ទេសភាពជួរភ្នំក្រវ៉ាញ និងបឹងទន្លេសាបកម្ពុជា»ដោយមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនភាគីមានទាំងតំណាងសហគមន៍ អាជ្ញាធរមូលដ្ឋាន ក្រុមការងាររដ្ឋបាលខេត្ត តំណាងមកពីមន្ទីរបរិស្ថាន មន្ទីរទេចរណ៍ មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ និងមន្ទីរផែនការជាដើម។
សិក្ខាសាលាពិគ្រោះយោបល់គឺបានរៀបចំឡើងពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី០៤ខែកុម្ភៈ ឆ្នាំ ២០២២ក្នុងខេត្តចំនួនបីគឺមានខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ គោលបំណងជាចម្បងនៃការរៀបចំសិក្ខាសាលាពិគ្រោះយោបល់នេះគឺ ៖
* ដើម្បីស្វែងយល់ពីភាគីពាក់ព័ន្ធនានានូវគោលបំណងជាយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងតំបន់អេកូទេសចរណ៍ថ្នាក់តំបន់ និងផែនការវិនិយោគទេសចរណ៍សម្រាប់គោលដៅអេកូទេសចរណ៍។
* ដើម្បីចូលរួមរៀបចំនូវសេចក្តីព្រាងចក្ខុវិស័យរួមស្រាប់គោលដៅអេកូទេសចរណ៍។
* ដើម្បីទទួលបាននូវព័ត៌មានត្រលប់ដែលជាអនុសាសន៍នានាសម្រាប់ការវិនិយោគគោលដៅអេកូទេសចរណ៍ដោយផ្សារភ្ជាប់នូវការធានាឲ្យមានការឆ្លើយតបទៅនឹងបញ្ហានានា ព្រមទាំងកំណត់នូវអាទិភាពនៃអនុសាសន៍បទអន្តរាគមន៍ដែលបានបញ្ជាក់ក្នុងការសិក្សាវិភាគស្ថានភាព៕