ក្រសួងផែនការរៀបចំសិក្ខាសាលាស្តីពីការរៀបចំផែនការសកម្មភាពផ្សារភ្ជាប់នឹងគោលនយោបាយរវាង អគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ មន្ទីរផែនការរាជធានី-ខេត្ត
ខេត្តស្ទឹងត្រែង ៖ ក្រសួងផែនការ សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំសិក្ខាសាលាពិភាក្សា ស្តីពីការរៀបចំផែនការសកម្មភាពផ្សារភ្ជាប់និងគោលនយោបាយ រវាងអគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ និងមន្ទីរផែនការរាជធានី-ខេត្ត មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ០៨ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។
ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការ នៃក្រសួងផែនការ និងមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ គណៈអភិបាលខេត្ត និង សិក្ខាកាមមកពីរាជធានី-ខេត្ត ជាង១០០នាក់ផងដែរ កាលពីព្រឹកថ្ងៃទី០៨ ខែ កុម្ភៈ ឆ្នាំ២០២២ ។
ក្នុងសិក្ខាសាលានោះ ឯកឧត្តម បណ្ឌិត ប៉ូច ប៊ុណ្ណាក់ បានមានប្រសាសន៍ថាៈគោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍លទ្ធផលការងារឆ្នាំ២០២១ និងសកម្មភាពការងារឆ្នាំ២០២២ និងតាមដានត្រួតពិនិត្យវាយតម្លៃការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ របស់ការិយាល័យប្រជាជន និង ការអភិវឌ្ឍមន្ទីររាជធានី-ខេត្ត។ ទន្ទឹមនោះ ឯកឧត្ដមបណ្ឌិតក៏បានបន្តថា នេះគឺជាការបន្តពង្រឹងសមត្ថភាពដល់មន្ត្រីថ្នាក់ក្រោមជាតិក្នុងការស្វែងយល់ស៊ីជម្រៅស្តីពី «គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០» និងបង្កើតសូចនាករប្រជាសាស្ត្រ ធ្វើការវិភាគ បង្កើតក្រាហ្វិក និងបកស្រាយទិន្នន័យសម្រាប់ដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍរាជធានី-ខេត្ត និងដើម្បីប្រមូលទិន្នន័យពាក់ព័ន្ធពីអន្តរវិស័យ ដើម្បីផលិតរបាយការណ៍ប្រជាសាស្ត្រ តាមបណ្តាខេត្តនីមួយៗ ។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ត្រូវបានទទួលការឯកភាព ពីគណៈរដ្ឋមន្រ្តីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ ហើយត្រូវបានប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០១៦ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅវិមានសន្តិភាព។ ហើយក៏ត្រូវបានផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំជាក្រុមប្រឹក្សារាជធានី-ខេត្ត អភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត និងមន្ទីរពាក់ព័ន្ធរាជធានី-ខេត្ត រួមទាំងតំណាង សង្គមស៊ីវិលទាំង ២៥ រាជធានី-ខេត្ត៕