វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ជាង ១២.៧ម៉ឺនករណី និងស្លាប់៦១នាក់ទៀត
ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធម្សិលមិញបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១២៧,៨៨៣ ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន៦១នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News ។
បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានករណីឆ្លងថ្មីចំនួន១៣,០០៥ករណី ខណៈហូជីមិញបានរាយការណ៍ចំនួន១,៥៨២ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Nghệ An មានចំនួន៤,៤២៥ករណី, ខេត្ត Phú Thọ ៥,៣០៧ករណី និងខេត្ត Lạng Sơn ៤,៤០៨ករណី។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨,៤៧៩,៧៥១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៤,៦៦១,២៧០នាក់ ចំណែកអ្នកស្លាប់សរុបនៅត្រឹមចំនួន៤២,០៧៥នាក់៕