ប្រជាពលរដ្ឋ ២៣០គ្រួសារ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទទួលបានកញ្ចប់អាហារស្រាយបួស ពីសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា
(ព្រៃវែង)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ដែលជាអំណោយដ៏ថ្លៃថ្លារបស់គ្រួសារអាជីវករ លោកស្រី ម៉ាន សារ៉ស់ និងក្រុមគ្រួសារ តាមរយៈសមាគមអភិវឌ្ឍន៍នារីឥស្លាកម្ពុជា ជូនដល់ប្រជាពលរដ្ឋចំនួន ២៣០គ្រួសារ ស្ថិតនៅភូមិខ្មែរឥស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្នុងឱកាសនេះ លោក អូស្មាន ហាស្សាន់ បានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានធានាមកនូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។
លោកបានបន្តថា សហគមន៍ឥស្លាមត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិ និងបើកឲ្យទទួលជំនួយពីបរទេសដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាម ជារៀងរហូតមក។
ទន្ទឹមនឹងនេះ ទោះបីជាស្ថិតក្នុងបរិបទកូវីដ១៩ ក៏ដោយ នៅក្នុងឆ្នាំ ២០២០ សហគមន៍ឥស្លាមទទួលបានជំនួយតាមរយៈអង្គការ-សមាគមនានា ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅស្រុក រហូតដល់ចំនួន ៤៦,២៥២កញ្ចប់ ដែលបានបែងចែកទៅដល់ ៤២,៩៦០គ្រួសារ សរុបជាថវិកា ៧២៨,៤៩៤ដុល្លារ, រួមទាំងគោគួរបានចំនួន ៦,៩២០ក្បាល និង ពពែចំនួន ១,៧៤០ក្បាល ដែលសរុបជាថវិកា ៣,៣៧៨,៤២១ដុល្លារ។
ដោយឡែក សម្រាប់ឆ្នាំ២០២១ ជំនួយដល់សហគមន៍ឥស្លាមកម្ពុជាកើនឡើងដល់ ៧៤,៩២១កញ្ចប់ ដែលបានបែងចែកទៅដល់ ៧៣,១៩២គ្រួសារ សរុបជាថវិកា ១,៣៨៤,៦៣៩ ដុល្លារ, រួមទាំងគោគួរបាន ចំនួន ៨,២១០ក្បាល និង ពពែ ចំនួន ១,៨២៥ក្បាល ដែលសរុបជាថវិកាចំនួន ៤,៤៥៦,២៩៨ដុល្លារ។
ក្នុងឱកាសនេះ លោក ក៏បានថ្លែងអំណរគុណចំពោះម្ចាស់អំណោយទាំងក្នុង និងក្រៅប្រទេស រួមទាំងបណ្តាអង្គការ-សមាគមសប្បុរសធម៌នានា ដែលបានធ្វេីសកម្មភាពរួមសម្រាប់សហគមន៍ឥស្លាមនៅកម្ពុជា។ ពិសេសគឺអរគុណចំពោះសន្តិភាព និងការបេីកទូលាយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ការទទួលអំណោយពីបណ្តាប្រទេសនានា។
លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទាំងនេះគឺជាសមិទ្ធផលដែលកេីតឡេីងដោយកត្តាសុខសន្តិភាព ដែលរកមកដោយលំបាកដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដូចច្នេះយេីងទាំងអស់គ្នា ត្រូវអរគុណសន្តិភាព ព្រមទាំងបន្តគាំទ្រចំពោះរាជរដ្ឋាភិបាល ដេីម្បីបន្តរក្សាបាននូវសុខសន្តិភាពនេះឲ្យបានយូរអង្វែងតទៅមុខទៀត។
លោកក៏បានរំលឹកដល់ប្រជាពលរដ្ឋត្រូវចេះថែរក្សាសុខភាពខ្លួនឯង ដោយអនុវត្តវិធានរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីជំងឺគ្រប់ប្រភេទ ជាពិសេសជំងឺកូវីដ១៩។
គួរជម្រាបផងដែរថា អំណោយដែលទទួលបានពី សមាគមខាងលើសម្រាប់មួយគ្រួសាររួមមាន ទឹកក្រូច ១ ដប, ទឹកផ្លែឈើ ៥ កំប៉ុង, ទឹកដោះគោ ២ កំប៉ុង, ត្រីខ ២ កំប៉ុង, ប្រេងឆា ១ លីត្រ, មី ៥ កញ្ចប់, តែ ១ កញ្ចប់, ស្ករស ២ គីឡូក្រាម,ផ្លែល្មើ ១ ប្រអប់ និង ប៊ីចេង ១ កញ្ចប់។ ជាមួយគ្នានោះ លោកស្រី ម៉ាណ ណាវី សមាជិករដ្ឋសភា ក៏បានឧបត្ថម្ភ ជូនដល់វិហារឥស្លាម អាល់ហ្វាអ៊ីស នូវ ទឹកបរិសុទ្ធ ១០ កេស, ទឹកក្រូច ៥ កេសនិង ទឹកផ្លែឈេី ៥ កេសផងដែរ ដែលអំណោយថ្ងៃនេះចំណាយទឹកប្រាក់សរុប ៣,៣៤៨ដុល្លារអាមេរិក។
បន្ថែមលើនោះ លោក បណ្ឌិត អូស្មាន ហាស្សាន់ បានសន្យាថានឹងផ្តល់អំណោយជាអង្ករចំនួន ២៥ គីឡូក្រាម ដល់ប្រជាពលរដ្ឋ ២៣០ គ្រួសារនៅភូមិខ្មែរឥស្លាម ស្រុកកំពង់ត្របែក និង ១០០ គ្រួសារទៀតនៅភូមិស្ទឹងស្លូត(វ៉ាមី) ស្រុកពាមរ៍ ខេត្តព្រៃវែង៕