សង្ក្រាន្តវត្តភ្នំ រយៈពេល៣ថ្ងៃ មានពលរដ្ឋ និងភ្ញៀវទេសចរជិត២២ម៉ឺននាក់ បានមកលេងកម្សាន្ត
ភ្នំពេញ ៖ សម្រាប់សង្ក្រាន្តវត្តភ្នំ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរ បានមកចូលរួមកម្សាន្តជិត ២២ម៉ឺននាក់ ប្រកបដោយស្នាមញញឹម និងសប្បាយរីករាយ ក្រោមការរៀបចំដោយយកចិត្តទុកដាក់របស់រដ្ឋបាលរាជធានីភ្នំពេញ។ នេះបើលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
លោកបានបន្តថា ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ បងប្អូនប្រជាពលរដ្ឋ បានដើរលេងកម្សាន្ត និងលេងល្បែងប្រជាប្រិយ ប្រកបដោយភាពសប្បាយរីករាយ ជាពិសេសបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់មានលក្ខណៈល្អប្រសើរ ដោយមិនមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់អ្វីឡើយ។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា សង្ក្រាន្តវត្តភ្នំ សម្រាប់ថ្ងៃទី១ មានបងប្អូនប្រជាពលរដ្ឋ ប្រមាណ៤ម៉ឺននាក់, នៅថ្ងៃទី២ មានចំនួន ៦៥,០០០នាក់ លើសថ្ងៃទី១ ជាង២ម៉ឺននាក់ និងថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយ មានបងប្អូនប្រជាពលរដ្ឋ ចូលរួមចំនួន ១១៥,០០០នាក់ លើសថ្ងៃទី២ ទ្វេដង៕