មន្ត្រីនៃមន្ទីរ អង្គភាពជំនាញមកពីបណ្តាខេត្តចំនួន០៦ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគាំពារសង្គម នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ដោយមានការគាំទ្រពីអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធគាំពារសង្គម ក្រោមវត្តមានលោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត រួមទាំងមានការចូលរួមពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធមកពីបណ្តាខេត្តចំនួន ០៦ រួមមាន៖ ខេត្តកណ្តាល ព្រៃវែង ត្បូងឃ្មុំ ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី ប្រមាណជាង៤០នាក់ ដែលប្រព្រឹត្តទៅនៅអគារសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ គោលបំណងដើម្បីពង្រឹង និងផ្តល់នូវចំណេះដឹងជាមូលដ្ឋានលើប្រព័ន្ធគាំពារសង្គមទាំងក្នុងក្របណ្ឌសកល ក្របខណ្ឌតំបន់ និងក្របខណ្ឌជាតិដល់មន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកបញ្ជាក់ថា ក្នុងវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ សូមឲ្យសិក្ខាកាមទាំងអស់ត្រូវ យកចិត្តទុកដាក់ខ្ពស់ ក្នុងការសិក្សារៀនសូត្រ ដោយទាញយកឲ្យបាននូវខ្លឹមសារជាសារវ័ន្តសម្រាប់យកជាពុទ្ធិបន្ថែមថ្មី និងការអាចយកទៅអនុវត្តបន្តបាន។ ចូលរួមសហការជាមួយសិក្ខាកាមទាំងអស់គ្នា ក្នុងការជជែកពិភាក្សាឲ្យបានយ៉ាងសកម្ម ទាំងជាក្រុម ក៏ដូចជាបុគ្គល ពិសេស ការបង្ហាញ នូវបទពិសោធន៍ ដែលបានអនុវត្តកន្លងមក។ ត្រូវចូលរួមឲ្យបានទៀងទាត់ និងសូមឲ្យគ្រូឧទ្ទេស សូមលើកយកបទពិសោធន៍ល្អៗបន្ថែមទៀត ដើម្បីផ្សារភ្ជាប់ទៅនឹងទ្រឺស្តី ដែលមានចែងក្នុងការសិក្សា ហើយក៏សូមឲ្យសិក្ខាកាម ក៏ដូចជាវគ្គបណ្តុះបណ្តាលទាំងមូលត្រូវអនុវត្តឲ្យបាននូវវិធានការសុខាភិបាល ៣កុំ និង៣ការពារ។
លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានថ្លែងការគាំទ្រចំពោះការរៀបចំវគ្គបណ្តុះបណ្តាល នៅថ្នាក់ក្រោមជាតិនាពេលនេះ គោលបំណងសំដៅចូលរួមចំណែកក្នុងការលើកកម្ពស់សមត្ថភាពមន្រ្តីផ្តល់សេវានៅថ្នាក់ក្រោមជាតិ លើប្រព័ន្ធគាំពារសង្គម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ឲ្យកាន់តែមានការរីកចម្រើន។ លោកស្រី អភិបាលរងខេត្ត ក៏សូមថ្លែងអំណគុណដល់ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អង្គការដៃគូរ និងមន្ទីរជំនាញ ដែលបានសហការគ្នារៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីពង្រឹងនូវសមត្ថភាព បង្កើន និងផ្តល់ចំណេះដឹងដល់មន្រ្តីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ លើកិច្ចការងារប្រព័ន្ធគាំពារសង្គម ដើម្បីឲ្យមន្រ្តីនៅរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធ ទទួលបានចំណេះដឹងគ្រប់គ្រាន់ និងចូលរួមសហការអនុវត្តការងារឲ្យមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់។
លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានស្នើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានចំណេះដឹង និងជំនាញបណ្តុះបណ្តាលថ្មីៗបន្ថែមទៀត ក្នុងការយកទៅបម្រើការងារនៅតាមមូលដ្ឋានរៀងៗខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់៕