សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស ចាប់ពីថ្ងៃទី២២ ដល់២៦ ខែឧសភា
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២របស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមមូលបទ «ការត្រៀមខ្លួនសម្រាប់យុគសម័យក្រោយជំងឺកូវីដ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២-២៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ ប្រទេសស្វីស។
ការអញ្ជើញចូលរួមវេទិកានេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកសាស្រ្តាចារ្យ ក្លោស ឆ្វាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក។ អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះរួមមាន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងណាពិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផ្សេងទៀត ព្រមទាំងសមាជិកមួយចំនួនរបស់សភាពាណិជ្ជកម្មកម្ពុជា ផងដែរ៕