មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីប្រជុំផ្សព្វផ្សាយការរៀបចំផែនការយុទ្ធសាស្រ្តថវិកា និងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុការគ្រប់គ្រងឆ្នាំ២០២៣
ខេត្តមណ្ឌលគិរី ៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំផ្សព្វផ្សាយការរៀបចំផែនការយុទ្ធសាស្រ្តថវិកា និងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុការគ្រប់គ្រងឆ្នាំ២០២៣ ក្រោមវត្តមានលោក ប៉ូ ឬទ្ធី អគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី លោកស្រី ដួច ដារ៉ា ប្រធានមន្ទីររតនាគារខេត្ត រួមទាំងមន្ទីរអង្គភាពជុំវិញខេត្ត ដែលប្រព្រឹត្តទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។
លោក ប៉ូ ឬទ្ធី អគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច បានមានប្រសាសន៍ថា ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករនិងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ដោយសារការរំពឹងទុកការបន្តនិន្នាការល្អប្រសើរ នៃតម្រូវការសកល និងទំនុកចិត្តវិនិយោគស្របពេលដែលវិបត្តិជំងឺកូវីដ១៩ មានភាពស្រាកស្រាន្តនិងអាចគ្រប់គ្រងបាន។ លោកបញ្ជាក់បន្ថែមថា សម្រាប់ឆ្នាំ២០២៣ រាជរដ្ឋាភិបាល ក៏ដូចក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគិតគូរ និងយោងតាមការព្យាករសេដ្ឋកិច្ចមានកំណើន ក្រោយពេលកូវីដមានភាពធូរស្រាល បានអនុញ្ញាតិឲ្យក្រសួង ស្ថាប័ន មន្ទីរជំនាញគ្រោងបង្កើន នូវបន្ទុកបុគ្គលលើប្រាក់បំណាច់មុខងារ និងប្រាក់បៀវត្សបុគ្គលិកកិច្ចសន្យា ទៅតាមកម្រិតទឹកប្រាក់ផ្សេងៗគ្នា។
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានឲ្យដឹងថា ឆ្នាំ២០២៣ ដែលជាឆ្នាំចុងអាណត្តិនៃរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងក្នុងបរិបទនៃការគិតគូរស្តារកំណើនសេដ្ឋកិច្ច តាមរយៈការសម្របខ្លួនបានទៅនឹងប្រក្រតីភាពថ្មី ព្រមជាមួយនឹងភាពធូរស្រាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីការចាក់វ៉ាក់សាំងត្រូវបានអនុវត្តយ៉ាងទូលំទូលាយពេញផ្ទៃប្រទេស។
លោកបន្តថា តាមរយៈពេលនៃកិច្ចប្រជុំនេះនឹងទទួលបានផែនការយុទ្ឋសាស្ត្រថវិកាឆ្នាំ២០២៣-២០២៥ និងគម្រោងចំណូល ចំណាយថវិកាប្រចាំឆ្នាំ២០២៣ កាន់តែល្អ និងគ្រប់ជ្រុងជ្រោយ តាមរយៈការធ្វើបទបង្ហាញរបស់តំណាងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាការចូលរួមយោបល់ពីថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលគាំទ្រជាប្រចាំក្នុងការរៀបចំ និងអនុវត្តថវិការបស់ខ្លួន និងសូមឲ្យមន្ទីរជំនាញជួយរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៣-២០២៥ និងគម្រោងចំណូល-ចំណាយថវិកាប្រចាំឆ្នាំ២០២៣ របស់ខ្លួនផ្ញើមកការិយាល័យមន្ទីរជំនាញ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ឲ្យទាន់ពេលវេលាកំណត់៕