អាជ្ញាធរខេត្តរតនគិរីអំពាវនាវឱ្យពលរដ្ឋសហការជាមួយសមត្ថកិច្ច ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀន
ខេត្តរតនគិរី ៖ ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីរបានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តសហការជាមួយសមត្ថកិច្ច ដើម្បីចូលរួមប្រយុទ្ធប្រឆាំង-ទប់ស្កាត់ការជួញដូរនិងការប្រើប្រាស់គ្រឿងញៀន ពិសេសត្រូវគិតថាគ្រឿងញៀនគឺជាបញ្ហារបស់ប្រជាជនទាំងអស់គ្នា។ ការអំពាវនាវនេះត្រូវបានធ្វើឡើងក្នុងឱកាសរដ្ឋបាលខេត្តប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» នាថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ២០២២ នៅសាលមហោស្រពរតនៈខេត្តរតនគិរី ។
ឯកឧត្តមអភិបាលរងខេត្តបានបន្តថា ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ត្រូវចាត់ទុកគ្រឿងញៀនជាបញ្ហារបស់ពលរដ្ឋទូទៅ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំង មិនត្រូវគិតថាកិច្ចការទាំងអស់នេះគឺជាភារកិច្ចផ្តាច់មុខរបស់កម្លាំងមានសមត្ថកិច្ចតែម្នាក់ឯងនោះឡើយ។
ជាមួយគ្នានោះ ដើម្បីយកឈ្នះការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តរតនគិរីគឺត្រូវមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ហើយប្រជាជនម្នាក់ៗត្រូវមានភារកិច្ចចូលរួមមិនប្រើប្រាស់គ្រឿងញៀន ធ្វើជាភ្នាក់ងារសម្ងាត់សហការជាមួយសមត្ថកិច្ច ដើម្បីគ្រួសារយើង ភូមិយើង ឃុំសង្កាត់យើង ស្រុកក្រុងយើង និងខេត្តរតនគិរីទាំងមូលគ្មានគ្រឿងញៀន។ ជាពិសេសយុវជន-យុវតីសូមកុំធ្វើឱ្យឪពុកម្ដាយស្រក់ទឹកភ្នែកដោយសារខ្លួន ត្រូវចងចាំថាការប្រើប្រាស់គ្រឿងញៀន គឺបំផ្លាញអនាគតខ្លួនឯង បំផ្លាញគ្រួសារ និងបំផ្លាញសង្គមជាតិទាំងមូល៕