EU អាចនឹងកាត់បន្ថយជំនួយហិរញ្ញវត្ថុដល់អ៊ុយក្រែន ដោយបារម្ភពីសេដ្ឋកិច្ចផ្ទាល់ខ្លួន
ឡុងដ៍ ៖ សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីចុងសប្តាហ៍កន្លងទៅនេះថា មូលនិធិដែលបានសន្យាផ្ដល់ដល់អ៊ុយក្រែន ដោយសហភាពអឺរ៉ុប ត្រូវបានពន្យារពេល ដោយសារតែការព្រួយបារម្ភអំពីបញ្ហាសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់ប្លុកនេះ និងការប៉ះទង្គិចគ្នាជាមួយទីក្រុងព្រុចសែល ។
គណៈកម្មការអឺរ៉ុប កាលពីខែមីនា កន្លងទៅ បានស្នើសុំប្រាក់កម្ចីចំនួន ៩ ពាន់លានអឺរ៉ូ (៩ ពាន់លានដុល្លារ) ដល់អ៊ុយក្រែន ដែលត្រូវបានគាំទ្រដោយការធានារបស់រដ្ឋាភិបាលសមាជិកសហភាពអឺរ៉ុប ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ប្លុកនេះ អាចយល់ព្រមលើការផ្ទេរប្រាក់ដំបូងដែលមានតម្លៃ ១ ពាន់លានអឺរ៉ូ ដែលត្រូវបានបង្ហាញ កាលពីថ្ងៃអង្គារ។
ការពន្យារពេលនេះ ត្រូវបានគេរាយការណ៍ថា ដោយសារតែអាល្លឺម៉ង់ បានព្យាយាមបញ្ចុះបញ្ចូលសហភាពអឺរ៉ុប ឱ្យផ្តល់ជំនួយដែលមិនអាចដកវិញបានតាមរយៈមូលនិធិរូបិយវត្ថុអន្តរជាតិជាជាងផ្តល់ប្រាក់កម្ចីដល់ទីក្រុង គៀវ។
ជាមួយគ្នានោះ មន្ត្រីអាល្លឺម៉ង់ម្នាក់ ត្រូវបានគេដកស្រង់សម្ដី ដោយនិយាយថា ទីក្រុងប៊ែរឡាំង មិនចង់ទទួលរងផលប៉ះពាល់នៃការធានាប្រាក់កម្ចីអ៊ុយក្រែនឡើយ ហើយបានស្នើឲ្យសមាជិកផ្សេងទៀតធ្វើការបន្ថែមទៀត៕