ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
យុទ្ធនាការអន្ទាក់សូន្យត្រូវបានប្រកាសចាប់ផ្តើមនៅក្នុងទឹកដីខេត្តមណ្ឌលគិរី
Fri,29 July 2022 (Time 05:36 PM)
ដោយ ៖ (ចំនួនអ្នកអាន: 261នាក់)

ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២-យុទ្ធនាការជាតិសំដៅលើកកម្ពស់ការយល់ដឹងស្តីពីផលប៉ះពាល់នៃការប្រើប្រាស់អន្ទាក់សត្វខុសច្បាប់ ត្រូវបានប្រកាសចាប់ផ្តើមនាថ្ងៃនេះនៅក្នុងទឹកដីខេត្តមណ្ឌលគិរី រៀបចំធ្វើឡើងដោយក្រសួងបរិស្ថាន រដ្ឋបាលខេត្តមណ្ឌលគិរី​ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ​ (WWF) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការជីវិតសត្វស្លាបកម្ពុជា (BirdLife) មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) និងអង្គការ​សម្ព័ន្ធ​សត្វព្រៃ​និង​ធម្មជាតិ (Wild Earth Allies)។

ខេត្តមណ្ឌលគិរីគឺជាខេត្តទី៤ នៃតំបន់ភាគខាងកើតទន្លេមេគង្គដែលបានចូលរួមរៀបចំយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការ ពារធម្មជាតិដើម្បីបញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់សត្វព្រៃដោយខុសច្បាប់ និងធ្វើឱ្យតំបន់ការពារធម្មជាតិកាន់តែមានសុវត្ថិភាពសម្រាប់ជីវៈចម្រុះគ្រប់ប្រភេទ និងសម្រាប់មនុស្ស។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «ស្ថានភាពដ៏អាក្រក់នៃការធ្លាក់ចុះជីវៈចម្រុះមិនបានកើតឡើង តែក្នុងប្រទេសកម្ពុជានោះទេ គឺចំនួនសត្វព្រៃនៅលើសកលលោកទាំងសត្វរស់នៅលើដីនិងក្នុងទឹក ក៏បានធ្លាក់ចុះខ្លាំងបំផុតរហូតដល់ ៦៨% ជាមធ្យម ក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ បើគិតចាប់តាំងពីឆ្នាំ១៩៧០ មក។ ការបរបាញ់ខុសច្បាប់ចាប់តាំងពីអតីតកាលមកដល់ពេលបច្ចុប្បន្ន រួមផ្សំនឹងបរិមាណអន្ទាក់បានដាក់ជាច្រើនក្នុងព្រៃធម្មជាតិ ជាកត្តាជំរុញ ដោយការជួញដូរសត្វព្រៃខុសច្បាប់ សុទ្ធសឹងជាមូលហេតុចម្បងៗ ដែល

បណ្តាលឱ្យសត្វព្រៃនៅកម្ពុជាប្រឈមមុខនឹងការបាត់បង់។ អន្ទាក់ជាឃាតកលាក់មុខ និងជាកត្តាគំរាមកំហែងដ៏ចម្បងមួយចំពោះសត្វព្រៃ។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានគូសបញ្ជាក់បន្ថែមថា៖«នេះជាពេលវេលាមួយដែលយើងទាំងអស់គ្នាត្រូវ រួមសហការគ្នាចាត់វិធានល់ការអភិរក្សបន្ទាន់និងប្រកប ដោយភាពច្នៃប្រឌិតដើម្បីចូលរួមទប់ស្កាត់កត្ដាគំរាមកំហែងចម្បងៗទាំងនេះជាពិសេសពីកត្តាអន្ទាក់។ ដោយសារតែការអភិរក្សមានភាពប្រសើរឡើង ជម្រក ប្រភពទឹក និងកន្លែងរកចំណី ត្រូវបានការពារ យើងសង្កេតឃើញសត្វព្រៃប្រភេទខ្លះមានការកើនឡើង ខ្លះនៅថេរ និងប្រភេទសត្វខ្លះបន្តធ្លាក់ចុះ ជាពិសេសប្រភេទសត្វក្រចកជើងចំពាមដែលរកស៊ីលើដី។ វិធានការដែលនឹងត្រូវអនុវត្តដើម្បីលុបបំបាត់អន្ទាក់គឺវិធានការច្បាប់ និងវិធានការ សេដ្ឋកិច្ចនឹងត្រូវដើរទន្ទឹមគ្នា»។

យុទ្ធនាការនេះត្រូវបានប្រកាសចាប់ផ្តើមនៅក្នុងបណ្តាខេត្តជាច្រើន រួមទាំងខេត្តមណ្ឌលគិរីផងដែរ ដែលបានផ្តោតលើការប្រើប្រាស់វិធីសាស្រ្តប្រព័ន្ធទីផ្សារមានមេត្រីភាពចំពោះការអភិរក្សដើម្បីដោះស្រាយចំពោះវិបត្តិអន្ទាក់ និងការគំរាមកំហែងផ្សេងៗទៀតដែលប៉ះពាល់ដល់តំបន់ការពារធម្មជាតិ និងជីវចម្រុះរបស់ប្រទេសកម្ពុជា។

ឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរីបានថ្លែងគាំទ្រយុទ្ធនាការអន្ទាក់សូន្យផ្តួចផ្តើមរៀបចំឡើងដោយក្រសួងបរិស្ថានដោយឯកត្តមបានគូសបញ្ជាក់ថាយុទ្ធនាការនេះពិតជាមានសារៈសំខាន់ដើម្បីជួយសង្គ្រោះសត្វព្រៃនៅកម្ពុជា។

អ្នកនាង Andrea Pavlick នាយកស្តីទីនៃការិយាល័យកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៃទីភ្នាក់ងារ USAID ប្រចាំប្រទេស កម្ពុជា បានមានប្រសាសន៍ថា៖ «សត្វព្រៃគឺជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌជាតិរបស់ប្រទេសកម្ពុជា ហើយក៏ជាផ្នែកដ៏សំខាន់មួយនៃការអភិវឌ្ឍន៍ដែលផ្តល់អត្ថប្រយោជន៍ទាំងសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជន»។ អ្នកនាងបានបន្តថា៖ «សហគ្រាស និងខ្សែច្រវាក់តម្លៃដែលរួមបញ្ចូលវិស័យអេកូទេសចរណ៍ធម្មជាតិ ការកាត់បន្ថយការបំភាយឧស្ម័នដែលបណ្ដាលមកពីការបាត់បង់ និងរេចរឹលព្រៃឈើ (REDD+) និងរបស់ប្រើប្រាស់ដែលមានមេត្រីភាពចំពោះការអភិរក្ស ពិតជាអាចផ្តល់នូវការជំរុញទឹកចិត្តដ៏មានឥទ្ធិពលដើម្បីដោះស្រាយវិបត្តិអន្ទាក់ និងការគំរាមកំហែងផ្សេងៗទៀតដល់ជីវចម្រុះរបស់ប្រទេសកម្ពុជា»។

លោក ញ៉ែម សុធន ប្រធានគ្រប់គ្រងគម្រោងកែវសីមា នៃអង្គការ WCS Cambodia បានថ្លែងថា៖ «ការគំរាមកំហែងដ៏ធំចំពោះពពួកសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិ គឺការបរបាញ់ដោយមិនរើសមុខ ជាពិសេសតាមរយៈការប្រើប្រាស់អន្ទាក់លួស។ អង្គការ WCS Cambodia ដោយមានកិច្ចសហការជាមួយក្រសួងបរិស្ថាន និងសហគមន៍មូលដ្ឋាន ប្តេជ្ញាពង្រឹងវិធីសាស្រ្ត និងធនធានជាយុទ្ធសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងការដាក់អន្ទាក់សត្វខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមានៃខេត្តមណ្ឌលគិរី​»។

លោក សេង ទៀក នាយកអង្គការ WWF បានថ្លែងថា៖ «ស្របគ្នានេះ វិធានការរួម និងការពង្រឹងការអនុវត្តច្បាប់ដ៏តឹងរឹង គឺជាការចាំបាច់បំផុតដើម្បីបញ្ឈប់តម្រូវការសាច់សត្វព្រៃ និងបិទចោលនូវរាល់ទីផ្សារលក់ដូរសត្វព្រៃគ្រប់ប្រភេទ’​»។ លោកបានបន្តថា «មធ្យោបាយសំខាន់ក្នុងការដោះស្រាយបញ្ហាឫសគល់នៃការបរបាញ់ និងការជួញដូរសត្វព្រៃ គឺដើម្បីធានាថាប្រជាជនរស់នៅក្នុង និងនៅខាងក្រៅតំបន់ការពារធម្មជាតិ អាចចូលរួមយ៉ាងជិតស្និទ្ធក្នុងការអភិរក្សសត្វព្រៃ ដំណោះស្រាយផ្អែកលើមូលដ្ឋានធម្មជាតិ និងការ​អភិវឌ្ឍ​សេដ្ឋកិច្ចប្រកបដោយចីរភាព​»។

លោក ប៊ូ វរសក្ស នាយកប្រតិបត្តិនៃអង្គការ NatureLife Cambodia បានថ្លែងថា៖ «ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ យ៉ាងហោចណាស់អន្ទាក់ចំនួន ៥០០ ត្រូវបានរឹបអូស និងប្រមូលដកចេញពីដែនជម្រកសត្វព្រៃលំផាត់ដោយមន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍ ក្រោមកិច្ចគាំទ្រពីអង្គការ NatureLife Cambodia ខណៈដែលមន្ត្រីឧទ្យានុរក្សបានអន្តរាគមន៍ករណីឧក្រិដ្ឋកម្មសត្វព្រៃចំនួន ១៣ ករណីដាច់ដោយឡែកពីគ្នា។ នេះបង្ហាញថា អន្ទាក់នៅតែជាការគំរាមកំហែងចម្បងដល់សត្វព្រៃរបស់យើង។ យើង​សូម​ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​បង្ក្រាប​ការ​ជួញដូរ​សាច់​សត្វព្រៃ​ខុស​ច្បាប់​នៅ​តាម​ទីផ្សារ និង​ភោជនីយដ្ឋាននានា។ យើងរួមគ្នាការពារសត្វព្រៃរបស់យើង!»។

លោកស្រី ហ៊ូ កល្យាណ នាយិកាអង្គការរីខូហ្វប្រចាំប្រទេសកម្ពុជា បានលើកឡើងថា៖ «មនុស្សគឺជាផ្នែកនៃបញ្ហា ហើយក៏ជាផ្នែកនៃដំណោះស្រាយចំពោះបញ្ហាដែលយើងឃើញសព្វថ្ងៃនេះទាក់ទងនឹងការជួញដូរសត្វព្រៃខុសច្បាប់»។ លោកស្រីបានបន្តថា៖ «ការផ្លាស់ប្តូរការប្រព្រឹត្តរបស់ពួកគេដើម្បីបញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ អាចធ្វើទៅបានអាស្រ័យលើការពង្រឹងសិទ្ធិអំណាចគ្រប់គ្រងធនធានធម្មជាតិរបស់ពួកគេ ដើម្បីឱ្យពួកគេអាចទទួលបានអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើមនានាដូចជា ការធ្វើកសិរុក្ខកម្មដើម្បីបង្កើនប្រាក់ចំណូលរបស់ខ្លួនជាដើម»។

លោក ទុយ សេរីវឌ្ឍនា នាយ​កកម្មវិធីនៃអង្គការ Wild Earth Allies Cambodia បានមានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាត្រូវបានគេស្គាល់ថាជាប្រទេសសម្បូរទៅដោយជីវចម្រុះច្រើននៅក្នុងចំណោមប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍។ ជីវចម្រុះមួយចំនួននៅក្នុងប្រទេសកម្ពុជា ត្រូវទទួលរងសម្ពាធពីការគំរាមកំហែងផ្សេងៗ។ ក្នុងចំណោមនោះ អន្ទាក់ត្រូវបានគេកំណត់ថាជាការគំរាមកំហែងដ៏ធ្ងន់បំផុតមួយចំពោះសត្វព្រៃ ដែលកំពុងដើរតួនាទីជាប្រភេទយ៉ាងសំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ី។ ក្នុងនាមអង្គការ Wild Earth Allies Cambodia ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការអន្ទាក់សូន្យ និងអំពាវនាវឱ្យប្រជាជនកម្ពុជាបញ្ឈប់ការបរបាញ់ និងជួញដូរសត្វព្រៃតទៅទៀត»។

យុទ្ធនាការអន្ទាក់សូន្យត្រូវបានប្រកាសបើកជាផ្លូវការកាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ មានគោលដៅលុបបំបាត់រាល់ការដាក់អន្ទាក់គ្រប់ប្រភេទ តាមរយៈការលើកកម្ពស់ការយល់ដឹងសាធារណៈ ការលើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួម និងការរៀបចំដាក់ចេញនូវវិធីសាស្រ្តនានាដើម្បីឆ្លើយតបចំពោះគោលដៅអភិរក្សជីវចម្រុះរបស់ប្រទេសកម្ពុជា។ យុទ្ធនាការនេះត្រូវបានប្រារព្ធប្រកាសបើករួចហើយក្នុងខេត្តស្ទឹងត្រែង ព្រះវិហារ និងក្រចេះ ហើយកំពុងត្រូវបានប្រកាសបើកក្នុងខេត្តមណ្ឌលគិរី រួចនឹងឈានទៅប្រកាសបើកក្នុងខេត្តកំពង់ធំ និងខេត្តរតនគិរីជាបន្តបន្ទាប់ ដោយការបិទបញ្ចប់ត្រូវបានគ្រោងសម្រាប់ខែតុលា ឆ្នាំ២០២២ ខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៌មាននៃកាសែត Le Monde បានស្វែងយល់ពីការពិតនៃការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឡាវ នាសប្តាហ៍ក្រោយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេសកម្ពុជា ផ្ញើលិខិតផ្លូវការទៅភាគីវៀតណាមនិងឡាវ បញ្ជាក់ពីការបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ CLV-DTA ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន​ នៅកម្ពុជា ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
215 នាក់
ម្សិលមិញ :
672 នាក់
សប្តាហ៍នេះ :
7878 នាក់
ខែនេះ :
33256 នាក់
3 ខែនេះ :
84660 នាក់
សរុប :
914378 នាក់