ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយអ្នកស្រី ង្វៀន ធីថាញ់ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា នៅវិមានរដ្ឋសភា ខណៈកិច្ចជំនួបនេះបានលើកឡើងអំពីវឌ្ឍនភាព នៃទំនាក់ទំនងកាន់តែល្អប្រសើរវាងកម្ពុជា និងវៀតណាម។អ្នកស្រី ង្វៀន ធីថាញ់ ចូលរួមអបអរសារទរចំពោះការអភិវឌ្ឍឥតឈររបស់កម្ពុជាលើគ្រប់វិស័យ ទោះបីនៅក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ-១៩យ៉ាងណាក្តី។ អ្នកស្រីបានលើកឡើងទៀតថា វៀតណាមមិនខុសពីកម្ពុជា និងបណ្តាប្រទេសនានាទូទំាងពិភពលោកនោះទេ បានទទួលរងនូវការរាតត្បាតពីជំងឺកូវីដ-១៩ តែទោះជាយ៉ាងណាបក្ស រដ្ឋ និងប្រជាជនវៀតណាមបានខិតខំប្រយុទ្ធប្រឆាំងជំងឺនេះនៅក្នុងការស្តារសេដ្ឋកិច្ច និងសង្គមវៀតណាមឡើងវិញ ដែលជាលទ្ធផលនៅឆ្នាំ២០២១ស្ថានភាពGDP របស់វៀតណាម មានកំណើតចំនួន៣% ហើយនៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០នេះ កើនបាន៧%។ក្នុងកិច្ចជំនួបនោះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចាត់ទុកដំណើរទស្សនកិច្ចរបស់អ្នកស្រីង្វៀន ធីថាញ់ នាពេលនេះ ស្របពេលដែលអង្គភាព និងស្ថាប័នផេ្សងៗនៃប្រទេសទាំងពីរ បាននិងកំពុងធ្វើកម្មវិធីផ្សេងៗ ក្នុងការអបអរសាទរខួបទី៥៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម។សម្តេចបានគូសបញ្ជាក់ថា សមាគមមិត្តភាពវៀតណាម-កម្ពុជា ជាតួអង្គដ៏មានសារៈសំខាន់មួយ នៃការរួមចំ ណែកផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរអោយកាន់តែរឹងមាំ និងស្ថិតស្ថិរយូរអង្វែង តាមបំណងប្រាថ្នានៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។សម្តេចប្រធានរដ្ឋសភា បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេង ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម សម្រេចបាន ក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមមានការអភិវឌ្ឍជឿនលឿនយ៉ាងឆាប់រហ័ស។ ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់បក្សកម្មុយនីស្តវៀតណាម ប្រជាជនវៀតណាម នឹងបន្តទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងការអភិវឌ្ឍប្រទេសជាតិ កាន់តែរុងរឿងថែមទៀត ហើយកិត្យានុភាព ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ នៅលើឆាកអន្តរជាតិ។នៅក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជំរុញលើកទឹកចិត្តដល់សមាគមមិត្តភាពនៃប្រទេសទាំងពីរ បន្តពង្រឹងនិងពង្រីកសកម្មភាព និងកិច្ចសហប្រតិបត្តិការរបស់ខ្លួនលើវិស័យសំខាន់ៗ ក្រៅពីសង្គម និងមនុស្សធម៌ រួមមានវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងវិទ្យាសាស្ត្រជាដើម៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា