ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក ម៉ៅរូ វីអេរ៉ា (Mauro Vieira) បានអបអរសាទរចំពោះការឡើងកាន់អំណាចរបស់នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រកាសថាប្រទេសលោកគ្រោងបើកស្ថានទូតអចិន្ត្រៃយ៍ក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២៤ ខាងមុខ។ លោកក៏បានអញ្ជើញសម្ដេចធិបតីធ្វើទស្សនកិច្ចនៅប្រេស៊ីលនៅពេលខាងមុខផងដែរ។លោក ម៉ៅរូ វីអេរ៉ា (Mauro Vieira) បានលើកឡើងក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្ដិភាព រាជធានីភ្នំពេញថា ប្រទេសប្រេស៊ីលមានបំណងក្នុងការពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ជាពិសេសលើវិស័យពាណិជ្ជកម្ម, អប់រំ, សុខាភិបាល និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។លោកបានអបអរសាទរចំពោះភាពជានាយករដ្ឋមន្ត្រីរបស់សម្ដេចធិបតី និងរីករាយចំពោះការការបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅក្នុងប្រទេសប្រេស៊ីល ខណៈលោកថាប្រេស៊ីលក៏គ្រោងនឹងបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួននៅរាជធានីភ្នំពេញក្នុងឆ្នាំ២០២៤ ខាងមុខនេះ ស្របពេលនៃខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងការទូតកម្ពុជា-ប្រេស៊ីលផងដែរ។លោកបានអញ្ជើញសម្តេចធិបតី ទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសប្រេស៊ីលក្នុងពេលវេលាសមស្របណាមួយ។ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលយកការអញ្ជើញនេះដោយក្តីរីករាយ និងបានបង្ហាញអំពីបំណងក្នុងការអញ្ជើញប្រធានាធិបតីប្រេស៊ីល មកបំពេញទស្សនកិច្ចនៅកម្ពុជាវិញ ជាពិសេសនៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ ដែលជាឆ្នាំនៃការប្រារព្ធខួបលើកទី៣០ នៃចំណងការទូតផ្លូវការកម្ពុជា-ប្រេស៊ីល ព្រមជាមួយការបើកដំណើរការស្ថានអគ្គរដ្ឋទូតប្រេស៊ីលប្រចាំនៅកម្ពុជាផងដែរ។សម្តេចធិបតីនាយករដ្ឋមន្ត្រីសង្ឃឹមថាទំនាក់ទំនងរវាងកម្ពុជា និងប្រេស៊ីល និងពង្រឹងបន្ថែមទៀត ខណៈពេលដែលកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-ប្រេស៊ីល នៅរក្សាដដែល។ទន្ទឹមនឹងនេះផងដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល ក៏បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ កសិកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងបានពិភាក្សាអំពីបញ្ហាមួយចំនួនទៀត ដែលជាផលប្រយោជន៍រួម៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា