ADB ត្រៀមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អបន្ថែមទៀត សំដៅបន្តរួមចំណែកក្នុងកិច្ចដំណើរការអភិវឌ្ឍន៍របស់កម្ពុជា
ភ្នំពេញ៖ លោក ទីន ហ្វត វឺកក្លិន អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីអាគ្នយ៍ នធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការលួ និងជិតស្និទ្ធជាមួយ ADB ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមក ហើយលោកបានត្រៀមខ្លួនដើម្បីពង្រឹង និងពង្រីកកិច្ច- សហប្រតិបត្តិការដ៏ល្អនេះបន្ថែមទៀត សំដៅបន្តរួមចំណែកក្នុងកិច្ចដំណើរការអភិវឌ្ឍន៍របស់កម្ពុជា។
លោក ទីន ហ្វតវឺកក្លិន លើកឡើងដូចនេះក្នុងជំនួបពិភាក្សាការងារ ជាមួយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាការងារ នាថ្ងៃអង្គារ ទី៩ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងជំនួបនោះ ឯកឧត្តម រដ្ឋមន្រ្តីបានសាទរចំពោះការប្តេជ្ញាចិត្ត និងការចូលរួមចំណែករបស់ ADB រួមមាន ការពង្រីកនូវទំហំឥណទានធំជាងមុន តាមរយះការកែទម្រង់ការគ្រប់គ្រងមូលធន ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍នានា ដែលក្នុងនោះ កម្ពុជាក៏នឹងត្រូវចាត់ចូលជាប្រទេសដែលទទួលបាននូវប្រភព ធនធានទំហំធំ ពិសេស សម្រាប់គម្រោងពង្រឹងការបន្សំទៅនឹងអាកាសធាតុ និងការដាក់ឱ្យអនុវត្តនូវប្រព័ន្ធប្រតិបត្តិការថ្មី របស់ ADB ក្នុងគោលដៅពន្លឿនការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព តាមរយះការធ្វើប្រតិភូកម្មសិទ្ធិសម្រេច និង ការទទួលខុសត្រូវកាន់តែច្រើនជាងមុន ផ្ទួនស្ថានតំណាងរបស់ ADB ប្រចាំកម្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបញ្ជាក់ទៀតថា ADB ក៏បានវិនិយោគគម្រោង ពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍវិស័យឯកជន ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ជាពិសេស ការពង្រឹង វិស័យហិរញ្ញវត្ថុសម្រាប់គាំទ្រសហត្រាសមុនមីក្រូ តូច និងមធ្យម តាមរយះប្រតិបត្តិការ Non-Sovereign Operations ដូចមានចែងក្នុង យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ ២០២៤-២០២៨ ។
ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន បានថ្លែងអំណរគុណ ADB ចំពោះការប្ដេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០២៤- ២០២៨ ដែលទើបត្រូវបានអនុម័តនាពេលថ្មីៗនេះ ដើរស្របគ្នានឹង យុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានគោលបំណងរួមចំណែកគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០។
សូមជម្រាបថា លោក វីនហួត វីកខ្លួន អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ថ្ងៃ នាថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៣៕